​ថៃ​ គ្រោងនឹង​ចំណាយ​ថវិកា​ជិត​ ៩​ពាន់​លាន​ដុល្លារ​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​របស់ខ្លួន

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការដើម្បីពន្លឿនការងារលើដំណាក់កាលទីពីរនៃការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែករបស់ប្រទេសខ្លួន ដែលគ្រោងនឹងចំណាយថវិកាសរុបអស់ប្រមាណ ៣០០ពាន់លានបាត (៨,៨ពាន់លានដុល្លារ) នៅឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផែនការវិនិយោគដ៏ធំនេះ នឹងគ្រប់ដណ្តប់លើគម្រោងផ្លូវដែកចំនួន៦ ខ្សែ ដោយក្នុងនោះរួមមាន ផ្លូវដែក Pak Nam Pho-Den Chai (ចម្ងាយ ២៨១គីឡូម៉ែត្រ), Chira Junction-Ubon Ratchathani (ចម្ងាយ ៣០៨គីឡូម៉ែត្រ), Hat Yai-Padang Besar (ចម្ងាយ ៤៥គីឡូម៉ែត្រ), Chumphon-Surat Thani (ចម្ងាយ ១៦៨គីឡូម៉ែត្រ), Surat Thani-Hat Yai-Songkhla (ចម្ងាយ ៣២១គីឡូម៉ែត្រ) ) និង Den Chai-Chiang Mai (ចម្ងាយ ១៨៩គីឡូម៉ែត្រ)។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន គម្រោងទាំងនេះបានទទួលការយល់ព្រមពីការិយាល័យថវិកាជាតិរួចរាល់ហើយ និងកំពុងរង់ចាំការត្រួតពិនិត្យបន្ថែមពីក្រសួងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC)។

មិនតែប៉ុណ្ណោះ លោក Suriya បានបញ្ជាក់បន្ថែមទៀតថា មតិកែលម្អពីទីភ្នាក់ងារទាំងពីរនេះ រំពឹងទុកថានឹងទទួលបាននៅចុងខែធ្នូនេះ ស្របពេលការយល់ព្រមពីគណៈរដ្ឋមន្ត្រី រំពឹងថានឹងត្រូវធ្វើឡើង នៅខែមករា ឆ្នាំក្រោយ ដើម្បីឈានដល់ការអនុម័តគម្រោងជាផ្លូវការ៕