ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានលើកឡើងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។
យោងតាមសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអះអាងថា៖ «ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅ របស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»។
គិតមកដល់បច្ចុប្បន្ននេះ ចិនបានរួមចំណែកជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសរុបប្រមាណជាង ៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណជាង ១៤ពាន់ម៉ែត្រ។
សូមបញ្ជាក់ដែរថា ការចេញមកបញ្ជាក់របស់ភាគីចិននាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅស្រុក បានផ្សព្វផ្សាយព័ត៌បំពុលថា «ចិនឈប់ផ្តល់កម្ចីដល់កម្ពុជា»៕ អត្ថបទ៖ ហ្សាលីន