យោងតាមសមាគមសន្តិសុខអ៊ីនធើណិតជាតិរបស់វៀតណាម (NCA) បានបង្ហាញឲ្យដឹងថា ការបោកប្រាស់តាមប្រព័ន្ធអនឡាញ បានធ្វើឲ្យប្រជានរបស់ខ្លួនខាតបង់ទឹកប្រាក់ចំនួន ១៨,៩ទ្រីលានដុង (៧៤៤លានដុល្លារ) នៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
តាមរយ:ការស្ទង់មតិមួយ ធ្វើឡើងដោយ NCA ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធើណិតសរុបចំនួន ៥៩ ០០០ នាក់ ចន្លោះថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី១៤ ខែធ្នូ លទ្ធផលបង្ហាញថាមានតែ ៤៥,៦៩% ប៉ុណ្ណោះនៃជនរងគ្រោះបានរាយការណ៍ពីការឆបោកទៅកាន់អាជ្ញាធរ ខណៈពេលដែល ៨៨,៩៨% បាននិយាយថាពួកគេបានជូនដំណឹងទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ជុំវិញករណីឆបោក។
គួរឲ្យដឹងផងដែរថា វិធីសាស្រ្តទូទៅបំផុតដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយអ្នកបោកប្រាស់ ក្នុងឆ្នាំ២០២៤ នេះ រួមមានគម្រោងវិនិយោគក្លែងក្លាយ ការក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាល ឬអង្គការ ការផ្តល់ជូនរង្វាន់ និងការផ្សព្វផ្សាយក្លែងក្លាយ។ យោងតាមការស្ទង់មតិ ៧០,៧២% នៃអ្នកប្រើប្រាស់ស្មាតហ្វូន បានជួបប្រទះនឹងការបាត់បង់ទ្រព្យសម្បត្តិ តាមរយ:ការបញ្ចុះបញ្ចូលឲ្យបោះទុនវិនិយោគផ្សេងៗ។
ទន្ទឹមនឹងនេះ ជនរងគ្រោះ ៦០% ផ្សេងទៀត បានរាយការណ៍ថាអ្នកបោកប្រាស់ បានក្លែងបន្លំធ្វើជាមន្ត្រីមកពីនាយកដ្ឋានប៉ូលីស តុលាការ ភ្នាក់ងារពន្ធដារ ឬធនាគារ ដោយបង្ខិតបង្ខំឲ្យពួកគេផ្ទេរប្រាក់ ដើម្បីដោះស្រាយការរំលោភបំពានផ្លូវច្បាប់ណាមួយ។
លោក Vu Ngoc Son ប្រធានផ្នែកបច្ចេកវិទ្យានៅ NCA បានព្រមានថា ការបោកប្រាស់តាមអ៊ីនធើណិតទំនងជានៅតែបន្តកើតមាន នៅឆ្នាំ២០២៥។ ទន្ទឹមនឹងអាជ្ញាធរ បានដាក់ចេញវិធានការជាច្រើន ដើម្បីឲ្យអ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ន និងបង្កើនជំនាញសុវត្ថិភាពតាមអ៊ីនធើណិតរបស់ពួកគេនៅពេលប្រើប្រាស់៕