ព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូ

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលផ្សាយចេញកាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរម រាជវាំង។

ដោយឡែក ការអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រយាង​ទៅ​បំពេញ​ព្រះរាជ​ទស្សន​កិច្ច នៅខេត្តហៃណាន ប្រទេសចិននាពេលនេះ ក៏ឃើញមានវត្តមានពីថ្នាក់ដឹកនាំស្ថាប័នរដ្ឋាភិបាលជាច្រើនរូប រួមមាន៖  សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃកម្ពុជា ប្រធានរដ្ឋសភា សែរាជវង្សានុវង្ស និងថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលជាច្រើនទៀត។

បើតាមក្រសួងការបរទេស ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជ ទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។

ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរ៕​អត្ថបទ៖​ ហ្សាលីន