កម្ពុជា-អាមេរិក នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អាមេរិក បានប្តេជ្ញាថា នឹង​បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅថែមទៀត សំដៅលើកកម្ពស់កិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញារវាងភាគីទាំងពីរ  ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក។

ក្នុងឱកាសនៃជំនួប លោកមេបញ្ជាការអាមេរិក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា ខណៈលោកថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។

លោកមេបញ្ជាការរូបនេះ ក៏បានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។

ជាការឆ្លើយតប សម្ដេធិបតី ក៏បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah នេះ សម្ដេចជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។

សូមបញ្ជាក់ដែរថា ក្រៅពីបានប្តេជ្ញាជំរុញលើវិស័យការពារជាតិ តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះបណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនជាដើម៕ ​អត្ថបទ៖ ហ្សាលីន