Honda និង Nissan ស្ថិតក្នុងការពិភាក្សាបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីប្រជែងទីផ្សាររថយន្តសកល

អន្តរជាតិ

ក្រុមហ៊ុន Honda និង Nissan ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នាអំពីការបង្កើតក្រុមហ៊ុនថ្មីមួយ ដើម្បីជួយពួកគេក្នុងការប្រកួតប្រជែងទៅនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ជាពិសេសនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ការ​ពិភាក្សា​នេះកំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូងនៅឡើយ ហើយ​មិន​ទាន់មាន​ការ​ធានា​ថា​កិច្ច​ព្រម​ព្រៀង​ណាមួយ​នឹង​ត្រូវ​បាន​យល់​ព្រម​នោះ​ទេ។

គួរឲ្យដឹងផងដែរថា កាលពីខែមីនា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុនទាំងពីរ បានយល់ព្រមស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រ នៅក្នុងអាជីវកម្មរថយន្ត EV រួមគ្នា។ ហើយនៅក្នុងខែសីហា Honda និង Nissan ក៏បានពង្រឹងទំនាក់ទំនងរបស់ពួកគេ ដោយយល់ព្រមធ្វើការជាមួយគ្នាលើការផលិតអាគុយ និងបច្ចេកវិទ្យាផ្សេងទៀត ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូចគ្នាថា ៖”ដូចដែលបានប្រកាសនៅក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុន Honda និង Nissan កំពុងស្វែងរកលទ្ធភាពផ្សេងៗសម្រាប់កិច្ចសហការនាពេលអនាគត ដោយប្រើប្រាស់ធនធានផលិតកម្មរបស់គ្នាទៅវិញទៅមក”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងដ៏ធំនេះ ​ទំនង​ជា​អាចស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្នែក​នយោបាយ​យ៉ាង​តឹងតែងនៅ​ក្នុង​ប្រទេស​ជប៉ុន ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការងារ​ជាច្រើន។ មិនតែប៉ុណ្ណោះ Nissan ក៏​ទំនង​ជា​ប្រឈម​នឹង​ការ​បង្អាក់​សម្ព័ន្ធភាព​របស់​ខ្លួន​ ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាតយក្សរបស់បារាំង Renault ផងដែរ។

ជម្រាបជូនផងដែរថា ក្រោយលេចឡើងព័ត៌មាននៃការបង្កើតក្រុមហ៊ុនរួមគ្នានេះ បានធ្វើឲ្យភាគហ៊ុនរបស់ Nissan បានកើនឡើងច្រើនជាង ២៣% នៅក្នុងទីផ្សារហ៊ុនទីក្រុងតូក្យូកាលពីថ្ងៃពុធ ខណ:ភាគហ៊ុនរបស់ក្រុមហ៊ុន Honda បានធ្លាក់ចុះប្រហែល ៣% ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi បានកើនឡើងជិត ២០%៕