អ្នកឧកញ៉ា និងឧកញ៉ាៗម្ចាស់រោងចក្រស៊ីម៉ង់ត៍ជាច្រើនរូប ដែលជាថ្នាក់ដឹកនាំសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបសម្តែងការគួរសមនេះ ដឹកនាំដោយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ឧកញ៉ា លាង ពៅ (ភីតធើ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន, អ្នកឧកញ៉ា វិញ ហ៊ួរ សហស្ថាបនិកក្រុមហ៊ុនរោងចក្រ ខនស៍ស៊ីមេន និងឧកញ៉ាៗម្ចាស់រោងចក្រស៊ីម៉ង់ត៍មួយចំនួនទៀត។
លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃ ឧស្សាហកម្ម ស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ, បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
តបតាមសំណូមពរ របស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេច បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន ផលិតសុីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេចពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុងការផលិតសុីម៉ង់ត៍ក្នុងស្រុក ដែលមានគុណភាពខ្ពស់ និងតម្លៃ សមរម្យ ដើម្បីជួយជាប្រយោជន៍បន្ថែម ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់៕