សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធាន នៅក្នុងអាណត្តិទី៧ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ។
តាមរយៈកិច្ចប្រជុំខាងលើបានឱ្យដឹងថា រយៈពេលប្រមាណ១ឆ្នាំកន្លះរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តទាក់ទាញបានគម្រោងវិនិយោគជាច្រើនគម្រោង។ ជាក់ស្តែង ស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ២០២៣ មានចំនួន២៦៨គម្រោង កើនឡើងដល់ចំនួន៤១៤គម្រោង នៅឆ្នាំ២០២៤ ស្មើនឹងកើនលើង ១៤៦គម្រោង ប្រមាណ៥៤%។
ចំណែកឯទុនវិនិយោគក្នុងឆ្នាំ២០២៣ មាន ៤,៩២៧លានដុល្លារ បានកើនដល់ចំនួន ៦,៩០០លានដុល្លារ ស្មើនឹងកើនឡើង ១,៩៧៣លានដុល្លារ ប្រមាណ៤០%។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញ-ចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនីតិកាលទី៧ នេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១។ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចបានយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការវិនិយោគ ហើយក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជំរុញការវិនិយោគនៅកម្ពុជាផងដែរ៕