សហរដ្ឋអាមេរិក ផ្តល់ជំនួយអស់ ១០០ពាន់លានដុល្លារហើយទៅឲ្យអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើង

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយយោធាអស់ទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លាររួចមកហើយ ទៅឲ្យប្រទេសអ៊ុយក្រែន ចាប់តាំងពីមានសង្គ្រាមរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងបែបនេះ បានកើតឡើង នៅពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយអ៊ុយក្រែន មិនថាជាជំនួយថវិកា ឬជំនួយផែ្នកយោធា ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលត្រូវចាកចេញពីតំណែងក្នុងខែមករាខាងមុខ។

ដោយថ្លែងប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក កាលពីម្សិលមិញនេះ លោក Antony Blinken បាននិយាយថា ៖”យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែន អស់ប្រហែល ១០០ពាន់លានដុល្លារហើយ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ក៏បានចំណាយប្រហែល ១៥០ពាន់លានដុល្លារផងដែរ។ ជំនួយហិរញ្ញវត្ថុដល់ទីក្រុងគៀវនេះ គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃការចែករំលែកបន្ទុកគ្នារវាងសមាជិកណាតូទាំងអស់”។

ទន្ទឹមនឹងនេះ លោក Blinden បានអះអាងទៀតថា ពលរដ្ឋអាមេរិក ពិតជាទទួលបាននូវអត្ថប្រយោជន៍ច្រើនពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបំពាក់អាវុធដល់អ៊ុយក្រែននេះ ពីព្រោះថាការងារថ្មីៗជាច្រើនត្រូវបានបង្កើតឡើង នៅក្នុងសហរដ្ឋអាមេរិក ដើម្បីផលិតអាវុធបន្ថែមទៀត។

ជម្រាបជូនផងដែរថា ប្រកាសរបស់លោក Blinken នេះ បានកើតឡើង បន្ទាប់ពីលោក បៃដិន កាលពីសប្តាហ៍មុន បានអនុម័តកញ្ចប់សព្វាវុធថ្មីតម្លៃ ៥០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ដោយក្នុងនោះរួមមាន ប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក និងរថពាសដែក៕