ទំហំពាណិជ្ជកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងចិន កើនដល់ជិត ១០០ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ

អន្តរជាតិ

ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសម៉ាឡេស៊ី និងចិនបានបន្តពង្រឹងយ៉ាងរឹងមាំ បន្ទាប់ពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឈានដល់ជិត ៩៨ពាន់លានដុល្លារ គិតនៅចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ពោលគឺស្មើទៅនឹងទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២៣ទាំងមូល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Tengku Datuk Seri Zafrul Abdul Aziz បាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បានបង្ហាញពីកំណើន ៦,៩% ធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយថ្លែងនៅឯកិច្ចប្រជុំកំពូលម៉ាឡេស៊ី-ចិនឆ្នាំ២០២៤ កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ លោក Tengku Zafrul បាននិយាយថា ម៉ាឡេស៊ីចាត់ទុកប្រទេសចិនជាដៃគូដ៏មានតម្លៃបំផុតរបស់ខ្លួន ពោលគឺលើសពីទំនាក់ទំនងទ្វេភាគីនៅដំណាក់កាលសំខាន់ជាច្រើន។ ហើយចាប់តាំងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៣ មក ម៉ាឡេស៊ីគឺស្ថិតក្នុងចំណោមប្រទេសជាដៃគូដែលគាំទ្រដល់គម្រោងនេះខ្លាំងបំផុត។

ជម្រាបជូនផងដែរថា កិច្ចប្រជុំកំពូលត្រូវបានរៀបចំឡើងដោយ Qube Integrated Malaysia និងចូលរួមសហការជាមួយសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មខាងក្រៅម៉ាឡេស៊ី (Matrade) ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧-១៩ ខែធ្នូ គឺដើម្បីអបអរសាទរដល់ខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី-ចិន៕