ប្រទេសចិន កំពុងតែធ្វើរឿងដ៏អស្ចារ្យ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយ នៅលើកោះសិប្បនិម្មិតធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងគម្រោងដែលមានតម្លៃសរុបប្រមាណ ៤,៣ពាន់លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០៣៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
អាកាសយានដ្ឋានអន្តរជាតិ Dalian Jinzhou Bay បច្ចុប្បន្នកំពុងសាងសង់នៅទីក្រុង Dalian ខេត្ត Liaoning ភាគឦសានរបស់ប្រទេសចិន ដែលមានទំហំដល់ទៅ ២០គីឡូម៉ែត្រការ៉េ ជាមួយនឹងផ្លូវរត់របស់យន្តហោះចំនួន៤ និងស្ថានីយអ្នកដំណើរទំហំ ៩សែនម៉ែត្រការ៉េ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានរំពឹងទុកថានឹងអាចទទួលដំណើរសរុបចំនួន ៨០ លាននាក់ក្នុងមួយឆ្នាំឆ្លងកាត់ ជាមួយជើងហោះហើរចំនួន ៥៤០ ០០០ ខណ:ដំណាក់កាលដំបូងនឹងចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០៣៥។
ទន្ទឹមនឹងនេះ នៅពេលសាងសង់រួចរាល់ Dalian Jinzhou Bay នឹងក្លាយជាអាកាសយានដ្ឋានដែលសាងសង់នៅលើកោះសិប្បនិមិត្តធំជាងគេបំផុតរបស់ពិភពលោក ពោលគឺធំជាងអាកាសយានដ្ឋានអន្តរជាតិហុងកុង (HKG) និងអាកាសយានដ្ឋាន Kansai របស់ប្រទេសជប៉ុន (KIX) ផងដែរ។
លោក Li Xiang ប្រធានវិស្វករនៃក្រុមហ៊ុន Dalian Airport Construction and Development បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ៖”បច្ចុប្បន្ននៅតែមានការប្រឈមយ៉ាងខ្លាំងចំពោះការសាងសង់ ដោយសារតែគម្រោងនេះមានលក្ខខណ្ឌភូមិសាស្ត្រស្មុគស្មាញ និងមានតម្រូវការខ្ពស់ទៅលើគុណភាពនៃសំណង់”។
ជម្រាបជូនផងដែរថា ទីក្រុង Dalian ដែលមានប្រជាជនរស់នៅសរុប ៧,៥ លាននាក់ ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ប្រទេសចិនយូរមកហើយ ដោយសារវាស្ថិតនៅជិតប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕