លោក ត្រាំ គំរាមយកពន្ធលើសហភាពអឺរ៉ុប បើមិនព្រមទិញប្រេង និងឧស្ម័នរបស់អាមេរិកបន្ថែម

អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមសហភាពអឺរ៉ុប ជាមួយនឹងការដាក់ពន្ធគយ ប្រសិនបើប្រទេសជាសមាជិករបស់ប្លុកនេះមិនព្រមទិញប្រេង និងឧស្ម័នរបស់អាមេរិកបន្ថែមទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក ត្រាំ បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social របស់ខ្លួនកាលពីពេលថ្មីៗនេះថា ៖”ខ្ញុំបានប្រាប់សហភាពអឺរ៉ុបថា ពួកគេត្រូវតែបង្កើតឱនភាពដ៏ច្រើនរបស់ពួកគេជាមួយសហរដ្ឋអាមេរិក តាមរយៈការទិញប្រេង និងឧស្ម័នរបស់យើងទ្រង់ទ្រាយធំ។ បើមិនដូច្នេះទេ ខ្ញុំនឹងចាប់ផ្តើមដាក់ពន្ធគយលើទំនិញរបស់ពួកគេទាំងអស់” ។

សហរដ្ឋអាមេរិក គឺជាប្រទេសផលិតប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ធំបំផុតមួយផងដែរ។ អ្នកទិញចូលហ្គាស់ LNG ធំៗ រួមទាំង EU និងវៀតណាម បានចាប់ផ្តើមបើកការពិភាក្សារួចហើយ អំពីការទិញឥន្ធនៈបន្ថែមពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយដើម្បីទប់ស្កាត់ការគំរាមកំហែងនៃផែនការពន្ធថ្មីរបស់លោក ត្រាំ។

គួរឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២២ ការនាំចេញទំនិញរបស់សហរដ្ឋអាមេរិកទៅកាន់សហភាពអឺរ៉ុប មានចំនួនសរុបប្រមាណ ៣៥០,៨ពាន់លានដុល្លារ កើនឡើង ២៨,៨% ធៀបនឹងឆ្នាំ២០២១ ។នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក ពីសហភាពអឺរ៉ុបវិញ មានចំនួន ៥៥៣,៣ពាន់លានដុល្លារក្នុងឆ្នាំដដែល កើនឡើង ១២,៨% ពីឆ្នាំ២០២១។ ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកជាមួយសហភាពអឺរ៉ុប មានចំនួន ២០២,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ធ្លាក់ចុះ ៧,៣% ពីឆ្នាំ២០២១។

ជម្រាបជូនផងដែរថា ក្រៅតែពីសហភាពអឺរ៉ុប លោក ត្រាំ ក៏បានធ្វើការគំរាមម្តងហើយម្តងទៀតថានឹងដាក់ពន្ធសំខាន់ៗលើប្រទេសដូចជាប្រទេសចិន កាណាដា និងម៉ិកស៊ិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕