ឆ្នាំ២០២៤៖ ខេត្តព្រះវិហារ រកចំណូលបានជាង១៧០លានដុល្លារ ពីការនាំចេញទន្និផលកសិកម្មចំនួន ៣មុខ

សង្គម​ និង​សេដ្ឋកិច្ច

ដំណាំសក្តានុពលចំនួន ៣មុខ គឺដំឡូងមី ស្រូវ និងស្វាយចន្ទី បានក្លាយដំណាំសក្តានុពប្រចាំខេត្តព្រះវិហារ និងកំពុងត្រូវបានអាជ្ញាខេត្តកំពុងយកចិត្តទុកដាក់ខ្លាំង។ បើគិតត្រឹមមួយឆ្នាំ២០២៤ ខេត្តនេះ បានទទួលប្រាក់ចំណូលប្រមាណជាង១៧០លានដុល្លារ ពីការនាំចេញកសិផលសំខាន់ៗទាំង៣មុខនេះទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វែងយល់កសិអេកូឡូស៊ី នៅខេត្តព្រះវិហារ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ លោកឱ្យដឹងថា បច្ចុប្បន្នវិស័យកសិកម្មបានរួមចំណែកចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះវិហារ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤នេះ បើមិនគិតពីការប្រមូលផលទុកដាក់សម្រាប់បរិភោគ និងទុកពូជនោះ ដំណាំស្រូវ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង២០ម៉ឺនតោន ក្នុងតម្លៃជាង៦០លានដុល្លារអាមេរិក។

ទន្ទឹមគ្នានេះ ចំពោះដំណាំ ដំឡូងមីវិញ លោកថា ក៏ជាដំណាំដែលមានសក្តានុពលមួយរបស់ខេត្តមិនចាញ់ដំណាំស្រូវប៉ុន្មានដែរ ខណៈបច្ចុប្បន្នខេត្តមានផ្ទៃដីដាំដុះដំឡូងមីជាង៥ម៉ឺនហិកតា ដោយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដោយគិតជាទឹកប្រាក់ប្រមាណ៧០ លានដុល្លារ។  ក្រៅពីដំណាំដំឡូងមី ស្វាយចន្ទីក៏ជាដំណាំដែលបានជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត ដោយគិតត្រឹមមួយឆ្នាំ២០២៤នេះ ផលិតផលនេះ បាននាំចេញទៅកាន់ទីផ្សារបរទេស បានប្រមាណ ៤០ លានដុល្លារផងដែរ។

ដោយឡែក ក្រៅពីដំណាំទាំង៣មុខនេះ ខេត្តព្រះវិហារក៏មានដំណាំជាច្រើនទៀត ដូចជា ល្ពៅ កៅស៊ូ(ផ្ទៃដីដាំដុះចំនួនជាង៣ម៉ឺនហិកតា) និងដំណាំចេក (ចំនួនជិត១ម៉ឺនហិកតា) ក៏បានកំពុងឆ្លើយតបទីផ្សារក្នុងស្រុក និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករក្នុងខេត្តផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពី លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្មខេត្តព្រះវិហារ។

សូមជម្រាប់ជូនដែរថា បើតាមរបាយការណ៍ពីមន្ទីកសិកម្មខេត្តព្រះវិហារ បច្ចុប្បន្នប្រជាពលរដ្ឋនៅទូទាំងខេត្តដែលដាំដំណាំសរីរាង្គ បានកើនឡើងដល់ជិត៥ពាន់គ្រួសារ លើផ្ទៃដីប្រមាណជាង ២ម៉ឺនហិកតា លើផ្ទៃដីប្រមាណពី៣០០ ហិកតា ទៅជាង២ម៉ឺនហិកតា។

ដោយមើលឃើញពីគុណតម្លៃរបស់ដំណាំទាំង៣ មុខនេះ មន្ទីកសិកម្មខេត្តព្រះវិហារ បានសង្កត់ធ្ងន់ទៀតថា ខេត្តព្រះវិហារ នឹងបន្តខិតខំពង្រីកទាំងការផ្សព្វផ្សាយ និងជំរុញការដាំដុះតាមបែបសរីរាង្គ នៅតាមឃុំ ថែមទៀត ដើម្បីពន្លឿនខេត្តព្រះវិហារឱ្យក្លាយជាខេត្តសរីរាង្គបានឆាប់រហ័ស។ មន្ទីកសិកម្ម ជឿជាក់ថា តាមរយៈការដាំដុះតាមបែបសរីរាង្គនេះ នឹងជួយធានាទីផ្សារផលិតផលជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ៕