ប្រធានាធិបតីអាមេរិកជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ បានព្រមានថាលោកអាចនឹងយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងឡើងវិញ បន្ទាប់ពីបានរិះគន់រដ្ឋាភិបាលប្រទេសប៉ាណាម៉ា ថាបានយកថ្លៃសេវាដឹកជញ្ជូនតាមរយ:ផ្លូវទឹកដ៏សំខាន់នេះ ខ្ពស់ពេក។ នេះបើយោងតាមរចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងសារមួយដែលបានសរសេរបង្ហោះលើបណ្តាញសង្គម Truth Social របស់ខ្លួន លោក ត្រាំបានលើកឡើងថា ៖” ព្រែកជីកដ៏សំខាន់នេះ មិនអាចត្រូវធ្លាក់ដល់ដៃរបស់អ្នកដទៃផ្សេងបានទេ ដោយវាគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប៉ាណាម៉ា។ ប្រសិនបើតាមគោលការណ៍ទាំងសីលធម៌ និងផ្លូវច្បាប់នៃទង្វើសប្បុរសនេះមិនត្រូវបានអនុវត្តតាមទេនោះ យើងនឹងទាមទារឲ្យប្រគល់ព្រែកជីកប៉ាណាម៉ាមកសហរដ្ឋអាមេរិកគ្រប់គ្រងវិញ ឲ្យបានពេញលេញ ឆាប់រហ័ស និងដោយគ្មានការងឿងឆ្ងល់”។
ទន្ទឹមនឹងនេះ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ចំពោះថ្លៃសេវាដែលប៉ាណាម៉ាបានយកលើការដឹកជញ្ជូនតាមរយ:ព្រែកជីកនេះ គឺជារឿងគួរឲ្យអស់សំណើច និងអយុត្តិធម៌ខ្លាំងណាស់។
គួរឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក បានសាងសង់ព្រែកជីកប៉ាណាម៉ា និងគ្រប់គ្រងទឹកដីជុំវិញព្រែកជីកនោះអស់រយ:ពេលជាច្រើនទសវត្ស។ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រគល់ការគ្រប់គ្រងពេញលេញនៃព្រែកជីកនេះ ទៅឲ្យប្រទេសប៉ាណាម៉ាវិញ ក្នុងអំឡុងឆ្នាំ១៩៩៩ បន្ទាប់ពីបានគ្រប់គ្រងរួមគ្នាអស់មួយរយ:ពេលមក។
ព្រែកជីកប៉ាណាម៉ា មានប្រវែងសរុប ៨២គីឡូម៉ែត្រ ដែលត្រូវបានចាត់ទុកថាជាផ្លូវកាត់តភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រប៉ាស៊ីហ្វិក ជាមួយមហាសមុទ្រអាត្លង់ទិក ខណ:ផ្លូវទឹកនេះបានកាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរ និងអនុញ្ញាតឲ្យកប៉ាល់ធំៗជៀសវាងការធ្វើដំណើរផ្លូវដ៏វែងឆ្ងាយ និងភាពគ្រោះថ្នាក់ នៅជុំវិញចុងភាគខាងត្បូងនៃអាមេរិកខាងត្បូង។
ជម្រាបជូនថា ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺត្រូវបានឆ្លងកាត់តាមព្រែកជីកប៉ាណាម៉ាជារៀងរាល់ឆ្នាំ។ សហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាប្រទេសដែលប្រើប្រាស់ផ្លូវទឹកនេះច្រើនជាងគេ ហើយបើតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា អាជ្ញាធរព្រែកជីកប៉ាណាម៉ា រំពឹងថាខ្លួននឹងអាចរកប្រាក់ចំណូលបានជិត ៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៤ នេះ៕