លោកអ្នកឧកញ៉ា លាង ឃុន អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាង ២ពាន់នាក់

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ចំនួន ២ ២២៥ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បេក្ខជនទាំងអស់ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ ចំនួន ១០៦.៣៥១នាក់ ស្មើនឹង ៧៩.០០ % នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជនប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២.៨៩ ភាគរយ។ លទ្ធផលដ៏ប្រសើរនេះពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពល ដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស។

គួរបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាង២ពាន់នេះ ក៏មានការប្រគល់រង្វាន់ជា Samsung Galaxy Tab A9 Plus ដែលឧបត្ថម្ភដោយ លោកអ្នកឧកញ៉ា លាង ឃុន ផងដែរ ខណៈដែលឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភ Samsung Galaxy Tab A9 Plus ចំនួន ២២៣០គ្រឿង ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ឧបត្ថម្ភដល់សិស្សានុសិស្សនិទ្ទេស A ទូទាំងប្រទេស៕