ក្រុមហ៊ុន Tesla បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងប្រមូលរថយន្តចំនួន ៦៩៤ ៣០៤ គ្រឿង នៅសហរដ្ឋអាមេរិក ត្រលប់មកវិញ ជុំវិញបញ្ហាជាមួយប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត (TPMS) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមបញ្ជាក់របស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងថាភ្លើងសញ្ញាព្រមានពី TPMS អាចនឹងមិនបង្ហាញដល់ម្ចាស់រថយន្តឲ្យដឹងពេលកំពុងបើកបរនោះឡើយ បើទោះបីជាសម្ពាធសំបកកង់មានកម្រិតទាបក៏ដោយ ដែលនេះអាចបង្កជាបញ្ហាដែលបណ្តាលឲ្យរថយន្តមានសំបកកង់មិនប្រក្រតី និងបង្កើនហានិភ័យនៃគ្រោះថ្នាក់។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Tesla បាននិយាយទៀតថា ជុំវិញបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់រថយន្ត Model 3 , Model Y និង Cybertruck ដែលចាំបាច់ត្រូវប្រមូលត្រលប់មកវិញ ដើម្បីធ្វើការអាប់ដេតទៅលើប្រព័ន្ធ software បន្ថែម។
គួរឲ្យដឹងថា Tesla បានប្រមូលរថយន្តរបស់ខ្លួនសរុបចំនួន ១៨៥៨ ៧៧៤ គ្រឿង ក្នុងត្រីមាសគិតត្រឹមខែកញ្ញា ដែលជាចំនួនខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែបញ្ហាទាំងអស់អាចត្រូវបានដោះស្រាយវិញរួចរាល់់ តាមរយៈការធ្វើបច្ចុប្បន្នភាពលើកម្មវិធី។
ជម្រាបជូនថា ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ក៏បានប្រមូលរថយន្ត Cybertruck ចំនួន ២ ៤០០ គ្រឿង នៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាផងដែរ ដោយសារផ្នែកដែលមានកំហុសអាចនាំឲ្យបាត់បង់ថាមពល និងបង្កើនហានិភ័យគ្រប់គ្រងការបញ្ជាលែងបានដែលនាំឲ្យជួបគ្រោះថ្នាក់៕