លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាំយកអំណោយឧបត្ថម្ភ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងសប្បុរសជននានា ប្រគល់ជូនសិស្សានុសិស្សខ្វះខាត និងមានពិការភាពសរុបជិត ៥០០នាក់ នៅខេត្តកណ្ដាល

ជុំវិញ​ឧកញ៉ា

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ និងសប្បុរសជននានា កាលពីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកសម្ភារៈសិក្សា ប៊ិច សៀវភៅ ខ្មៅដៃ កាតាប កង់ និងថវិកាឧបត្ថម្ភមួយចំនួន ដែលទទួលបានពីការចូលរួមរបស់បងប្អូនសប្បុរសជននានា រួមទាំងម៉ូតូរុឺម៉កកង់បី ទុកសម្រាប់ដឹកសិស្សមានិការភាព ដែលជាជំនួយឧបត្ថម្ភផ្ទាល់ពី អ្នកឧកញ៉ា បណ្ឌិត ជា រតនា ស្ថាបនិកក្រុមហ៊ុន SUN & MOON GROUP និងលោកជំទាវ អ្នកឧកញ៉ា លី ហៀក រតនា ចុះចែកជូនសិស្សានុសិស្សដែលមានពិការភាព សិស្សខ្វះខាតជីវភាព នៃសាលាបឋមសិក្សាភូមិព្រៃធំ ស្ថិតនៅ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សរុបចំនួន ៤៧៤នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ សារព័ត៌មាន Oknha News លោកបណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា គោលបំណងនៃការនាំយកជំនួយឧបត្ថម្ភ ចុះចែកជូនដោយផ្ទាល់ តាមរយៈលោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដល់ក្មួយៗសិស្សានុសិស្ស ជិត ៥០០នាក់ ក្នុងសាលាបឋមសិក្សាភូមិព្រៃធំនាពេលនេះ គឺជាចំណែកមួយនៃការចូលរួមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ មិនថាសិស្សខ្វះខាតជីវភាព ក៏ដូចជាសិស្សដែលមានពិការភាព ២៧នាក់ កុំឱ្យពួកគាត់បោះបង់ការសិក្សា។ លោកបណ្ឌិត បន្ថែមថា ជាពិសេស រុឺម៉កម៉ូតូកង់បី ដែល មូលនិធិអប់រំកុមារ យើងខ្ញុំទទួលបាន ពីអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងលោកជំទាវ អ្នកឧកញ៉ា លី ហៀក រតនា ពិតជាបានជួយសម្រួលដល់ភាពលំបាកលើការធ្វើដំណើររបស់ក្មួយសិស្សានុសិស្ស ដែលកំពុងមានពិការភាព និងលំបាកលើការធ្វើដំណើរទៅមកពីផ្ទះ មកសាលារៀន និងពីសាលារៀន ត្រឡប់ទៅផ្ទះ។

ក្រុមការងារនៃ មូលនិធិអប់រំកុមារ ក៏បានអរគុណនូវទឹកចិត្តចូលរួម និងជូនបុណ្យដល់សប្បុរសជន នានា ដែលបានចូលរួមបរិច្ចាគធនធាន សម្ភារៈសិក្សា រួមចំណែកជាមួយបេសកកម្មជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា សំដៅលើកទឹកចិត្ត និងកាត់បន្ថយអត្រាបោះបង់ការសិក្សាក្នុងថ្នាក់បឋមសិក្សា នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដ កុំឱ្យពួកគាត់បោះបង់ការសិក្សា តាមរយៈការចុះចែកមធ្យោបាយធ្វើដំណើរដូចជា កង់ សម្ភារៈសិក្សា ប៊ិច កាតាប សៀវភៅ ខ្មៅដៃ ជ័រលុប សម្លៀកបំពាក់ និងគ្រឿងឧបភោគបរិភោគជាដើម។ បេសកកម្មចម្បងរបស់ មូលនិធិអប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅ សម្រាប់ជួយដល់កុមារជីវភាពខ្វះខាត កុមារកំព្រា និងកុមារមានពិការភាព ដែលចង់បន្តការសិក្សាឱ្យចប់ថ្នាក់ ដើម្បីឱ្យពួកគាត់ ក្លាយជាធនធានមនុស្សពេញលក្ខណៈ ប្រកបដោយចំណេះជំនាញ ចំណេះដឹង ពេញលេញ ជួយជីវភាពខ្លួនឯង ក្រុមគ្រួសារ និងអាចរួមចំណែកកសាងសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល៕