មហាសេដ្ឋី Jeff Bezos ទំនងជះលុយ ៦០០លានដុល្លារ រៀបចំពិធីមង្គលការជាមួយគូស្នេហ៍

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos ត្រូវបានគេរាយការណ៍មកថា ទំនងជានឹងត្រូវចំណាយទឹកប្រាក់រហូតដល់ទៅ ៦០០លានដុល្លារ ដើម្បីរៀបចំពិធីមង្គលការដ៏ប្រណីតបំផុតជាមួយគូស្នេហ៍ គឺអ្នកនាង Lauren Sanchez ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ បើតាមកាសែត New York Post បានរាយការណ៍ឲ្យដឹងទៀតថា មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោករូបនេះ នឹងរៀបចំពិធីមង្គលការរបស់ខ្លួន ជាមួយគូដណ្តឹង អ្នកជាង Lauren Sanchez នៅទីក្រុង Aspen រដ្ឋ Colorado សហរដ្ឋអាមេរិក នាថ្ងៃទី២៨ ខែធ្នូខាងមុខ។

ពិធី​មង្គលការ​ដ៏ធំនេះ ​ត្រូវ​បានរាយការណ៍ថានឹងចំណាយ​រហូត​ដល់​ទៅ​ ៦០០​លាន​ដុល្លារ ស្របពេលតារា​ល្បី​ៗជាច្រើនរូប នឹងត្រូវអញ្ជើញ​មក​ចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

បើតាមប្រភពខាងលើបានរាយការណ៍ឲ្យដឹងទៀតថា សណ្ឋាគារលំដាប់ផ្កាយប្រាំនៅទីក្រុង Aspen ត្រូវបានកក់ទុករួចរាល់ហើយ ដើម្បីត្រៀមចាប់ផ្តើមទទួលភ្ញៀវសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ក្រោយថ្ងៃបុណ្យណូអែល ខណ:លោក Bezos ក៏បានកក់ផ្ទះវិឡាជាច្រើនខ្នងនៅជុំវិញតំបន់នោះ សម្រាប់ទទួលភ្ញៀវរបស់ខ្លួនដើម្បីស្នាក់នៅផងដែរ។

គួររំលឹកផងដែរថា លោក Bezos និងគូស្នេហ៍ បានរៀបចំពិធីភ្ជាប់ពាក្យនៅក្នុងប្រទេសអ៊ីតាលី ដោយមានការចូលរួមពីសំណាក់មហាសេដ្ឋី Bill Gates រួមទាំងតារាសម្តែងជួរមុខគឺលោក Leonardo DiCaprio និងម្ចាស់ក្សត្រីនៃប្រទេសហ្ស៊កដានី ថែមទៀតផង។

ជម្រាបជូនផងដែរថា មហាសេដ្ឋីលោក Jeff Bezos និងគូដណ្តឹងវ័យ ៥៤ឆ្នាំរបស់ខ្លួន បានចាប់ផ្តើមទាក់ទងគ្នា តាំងពីក្នុងឆ្នាំ២០១៩ មកម្លេះ។ ហើយបើយោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថាស្ថាបនិកក្រុមហ៊ុន Amazon រូបនេះ គឺជាអ្នកមានបំផុតទីពីរនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិច្រើនជាង ២៣៨ពាន់លានដុល្លារ បន្ទាប់ពីមហាសេដ្ឋី Elon Musk ៕