ទូតឥណ្ឌាមានសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀតនាពេលខាងមុខ ខណៈកម្ពុជា-ឥណ្ឌា បានបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យតែរឹងមាំថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប លោកស្រី បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកស្រី និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកស្រីទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកស្រីបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកស្រីក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។

សូមបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានេះ កម្ពុជា-ឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខនិងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និងការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរជាដើម៕ អត្ថបទ៖ ហ្សាលីន