ទីក្រុងរណប គឺជាសហគមន៍ ឬតំបន់ប្រជុំជនដែលនៅជាប់រាជធានី ឬទីក្រុងធំៗ។ ជាទូទៅទីក្រុងរណប ត្រូវបានរៀបចំ និងអភិវឌ្ឍទ្បើងដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ កំណើនប្រជាពលរដ្ឋ កន្លែងស្នាក់នៅ កន្លែងការងារ តំបន់ពាណិជ្ជកម្ម និងឧស្សាកម្មដែលកំពុងជួបប្រទះបញ្ហានានានៅក្នុងរាជធានី ឬទីក្រុងធំៗ។ នេះបើយោងតាមការលើកឡើងរបស់ លោក អ៊ា ចរិយា នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ កាលពីពេលថ្មីៗនេះ។
នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ លោក អ៊ា ចរិយា បានលើកបង្ហាញនូវគុណតម្លៃ និងភាពសំខាន់ចំនួន៦ ចំនុច ពីការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងរណប ដែលអាចជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
១. កាត់បន្ថយការកកស្ទះ៖ ទីក្រុងរណបជួយកាត់បន្ថយការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ការកកស្ទះចរាចរណ៍ និងសេវាកម្មដែលមាននៅក្នុងរាជធានី ឬទីក្រុងធំៗ តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទីលំនៅ កន្លែងការងារ ឬកន្លែងផ្តល់សេវាកម្ម ឬសកម្មភាពនានាពីរាជធានី ឬទីក្រុងធំៗ មកតំបន់ជាយក្រុង ឬក្រុងរណបថ្មីនេះ។
២. តម្លៃសមរម្យ៖ ទីក្រុងរណបតែងផ្តល់ជម្រើសល្អសម្រាប់អ្នកស្វែងរកអចលនវត្ថុ ដូចជាដី ផ្ទះ អគារ ការិយាល័យ និងកន្លែងសម្រាប់ធ្វើពាណិជ្ជកម្ម ដែលមានតម្លៃសមរម្យ និងបរិយាកាសល្អប្រសើរជាងនៅតំបន់កណ្តាលរាជធានី ឬទីក្រុងធំៗ។ ការផ្តល់ជម្រើសខាងលើនេះ ជាកត្តាទាក់ទាញដ៏សំខាន់សម្រាប់ប្រជាពរដ្ឋដែលកំពុងស្វែងករកន្លែងរស់នៅ អាជីវកម្ម មុខរបរ ឬការងារនៅក្រៅរាជធានី ឬទីក្រុងធំៗ។
៣. គុណភាពនៃការរស់នៅ៖ ទីក្រុងរណបត្រូវបានរៀបចំ និងបង្កើតទ្បើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅ តាមរយៈការធ្វើឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ផ្សារ សាលារៀន មន្ទីរពេទ្យ និងកន្លែងផ្តល់សេវាបន្ថែមថ្មីៗ ដោយមានការគិតគូរទៅដល់បរិស្ថាន តំបន់បៃតង សួនច្បារសាធារណៈ និងកន្លែងសម្រាប់កុមារ មនុស្សចាស់ និងជនពិការ ដែលជំរុញឱ្យការរស់នៅមានលក្ខណៈជាសហគមន៍ និងប្រកបដោយផាសុកភាព និងគុណភាពសម្រាប់មនុស្សគ្រប់គ្នា។
៤. ការអភិវឌ្ឍសេដ្ឋកិច្ច៖ ទីក្រុងរណបជួយជំរុញសេដ្ឋកិច្ចនៅតាមមូលដ្ឋានឱ្យមានភាពល្អប្រសើរ តាមរយៈការលើកទឹកចិត្ត និងការទាក់ទាញអ្នកវិយោគក្នុង និងក្រៅប្រទេស ការផ្តល់ឱកាសការងារ និងពិពិធកម្មសេដ្ឋកិច្ចនៅតំបន់ជាប់រាជធានី ឬទីក្រុងធំៗ។
៥. តុល្យភាពនៃការអភិវឌ្ឍ៖ ទីក្រុងរណបអាចជួយបែងចែកប្រជាពលរដ្ឋ និងធនធានសំខាន់ៗកុំឱ្យប្រមូលផ្តុំតែនៅក្នុងតំបន់រាជធានី ឬទីក្រុងធំៗ និងជំរុញឱ្យការអភិវឌ្ឍបានរីកដុះដាលដល់តំបន់ជាយក្រុង និងទីជនបទ។ ក្រុងរណបក៏អាចដើរតួជាស្ពានក្នុងការផ្សារភ្ជាប់លំហូនៃការអភិវឌ្ឍពីតំបន់រាជធានី ឬទីក្រុងធំៗ ទៅកាន់ទីជនបទផងដែរ។
និង៦. ភាពងាយស្រួលក្នុងការធ្វើដំណើរ៖ បច្ចុប្បន្ននេះទីក្រុងរណបត្រូវបានរៀបចំ និងបង្កើតទ្បើងដោយមានហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាទំនើប។ អ្នកអភិវឌ្ឍក៏អាចមានឱកាសប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ (AI, AR & VR) ដែលផ្តល់ភាពងាយស្រួលដល់កិច្ចការអភិវឌ្ឍទីក្រុង ក៏ដូចជាសម្រួលដល់អ្នករស់នៅក្នុងទីក្រុងរណបថ្មីនាសម័យកាលនេះ និងជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើដំណើរក្នុងតំបន់ និងពីតំបន់មួយ ទៅតំបន់មួយទៀត។
យ៉ាងណាមិញ ការបង្កើត និងអភិវឌ្ឍទីក្រុងរណបនៅក្នុង និងជាប់រាជធានីភ្នំពេញ អាចចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានានាដែលរាជធានីភ្នំពេញកំពុងជួបប្រទះបានយ៉ាងណានោះ គឺអាស្រ័យទៅលើការរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដោយអនុវត្តតាមគោលនយោបាយនគរូបនីយកម្ម និងផ្តល់អាទិភាពដល់អ្នករស់នៅក្នុងតំបន់ ហើយគិតគូរពីចីរភាពបរិស្ថាន និងផ្តល់កាលានុវត្តភាពនៃបរិយាបន្នសេដ្ឋកិច្ច ដូចជាការផ្តល់ភាពងាយស្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគ ការរៀបចំ និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធទំនើប និងឆ្លាតវៃ និងគោរពគោលការណ៍ច្បាប់។នេះបើតាមការបញ្ជាក់បន្ថែម ពីលោក អ៊ា ចរិយា នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ៕ អត្ថបទ៖ ហ្សាលីន