សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់អនុសាសន៍ណែនាំចំនួន ៧ចំនុច ដែលជាទិសដៅការងារ សំដៅជំរុញការទាក់ទាញវិនិយោគឱ្យមកបោះទុនបន្ថែមទៀតនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោម អធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្សាយចេញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងសេចក្តីប្រកាសនោះ សម្តេចធិបតី បានផ្តល់អនុសាសន៍ចំនួន ៧ ចំនុច ដើម្បីទាក់ទាញវិនិយោគឱ្យមកបោះទុនបន្ថែមទៀតនៅកម្ពុជា ក្នុងនោះរួមមាន៖
១. បន្តអនុវត្តយន្តការពិគ្រោះយោបល់ជាមួយសហភាគី រួមមាន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ សម្តេចបវរធិបតី រៀងរាល់មួយឆ្នាំម្តង។
២. សិក្សាវាយតម្លៃ និងធ្វើអាទិភាវូបនីយកម្មសម្រាប់ការលើកទឹកចិត្តវិនិយោគតាមវិស័យ និងទីតាំងភូមិសាស្រ្ត ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
៣. រៀបចំយន្តការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. ឬ QIP) ក្រោយទទួលបានវិញ្ញាបនបត្រជា គ.ល.គ.។
៤. រៀបចំយន្តការប្រទាក់ក្រឡាធ្វើឱ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។
៥. អនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្តានុពលបម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធ។
៦. ជំរុញការរៀបចំការផ្តល់ព័ត៌មានវិនិយោគសម្បូរបែប ចំគោលដៅ និងមានភាព ទាក់ទាញ ដើម្បីឱ្យវិនិយោគិន បណ្ដាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ទទួលបានបច្ចុប្បន្នភាពកាន់តែស៊ីជម្រៅ អំពីសក្តានុពលរបស់កម្ពុជា និងនីតិវិធីពាក់ព័ន្ធការស្នើសុំវិនិយោគ។
៧. ពង្រឹងការលើកកម្ពស់ធនធានមនុស្សសម្រាប់ការផ្តល់សេវាជូនវិនិយោគិនប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផលចំណូលសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។
គួរបញ្ជាក់ដែរថា ក្រៅពីអនុសាសន៍ទាំង៧ចំនុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងស្ថាប័នទាំងអស់បន្តថែទាំគាំទ្រគម្រោងវិនិយោគដែលកំពុងដំណើរការ និងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនឱ្យមក បណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា ដោយអនុវត្តគោលការណ៍ “រក្សាចាស់ បង្កើនថ្មី” ដើម្បីចូលរួមបង្កើត ការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងសម្រេចឱ្យបានកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕ អត្ថបទ៖ ហ្សាលីន