អតីតភរិយាមហាសេដ្ឋី Jeff Bezos បរិច្ចាគជិត ២០ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌

អន្តរជាតិ

លោកស្រី Mackenzie Scott ​ដែលជាអតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេរាយការណ៍ថាបានបរិច្ចាគទឹកប្រាក់សរុបចំនួន ១៩,២ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរធម៌ជាច្រើន ពោលគឺចាប់តាំងពីលោកស្រីបានប្រកាសលែងលះជាមួយស្ថាបនិកក្រុមហ៊ុន Amazon ក្នុងឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Mackenzie Scott បច្ចុប្បន្នវ័យ ៥៤ឆ្នាំ នៅសប្តាហ៍នេះ បានប្រកាសថាលោកស្រីបានបរិច្ចាគទឹកប្រាក់ច្រើនជាង ២ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ចំនួន ១៩៩ ក្នុងឆ្នាំ២០២៤ ដោយការបរិច្ចាគលើកចុងក្រោយនេះ បានធ្វើឲ្យចំនួនទឹកប្រាក់សរុបដែលលោកស្រីបានផ្តល់ឲ្យទៅកាន់អង្គការសប្បុរសធម៌ ចាប់តាំងពីឆ្នាំ២០១៩ មក កើនឡើងដល់ ១៩,២ពាន់លានដុល្លារ។

នៅក្នុងឯកសារមួយ លោកស្រីបានសរសេរថា ប្រហែល ៧៥% នៃចំនួនទឹកប្រាក់សរុបទាំងនេះ ត្រូវបានផ្តល់ទៅកាន់អង្គការមិនស្វែងរកប្រាក់ចំណេញដែលធានាដល់សុវត្ថិភាពសេដ្ឋកិច្ច និងឱកាសសម្រាប់អ្នកដែលជួបការលំបាក ខណ:ថវិកាមួយចំនួនទៀត ត្រូវបានផ្តល់ទៅកាន់អង្គការផ្តល់ដែលផ្តោតលើសេវាកម្មជាច្រើន រាប់ចាប់ពីលំនៅដ្ឋាន និងការថែទាំសុខភាពដែលមានតម្លៃសមរម្យ រហូតដល់ការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងគ្រួសារ។

ទន្ទឹមនឹងនេះ អង្គការផ្សេងទៀតដែលបានទទួលប្រាក់ជំនួយពីលោកស្រី Scott ក៏រួមមានទាំងអង្គការសិទ្ធិមនុស្ស និងការការពារធនធានធម្មជាតិផងដែរ។

ជម្រាបជូនផងដែរថា យោងតាមទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាលោកស្រី Mackenzie Scott ឥឡូវនេះមានទ្រព្យសម្បត្តិសរុបជិត ៣២ពាន់លានដុល្លារ។ លោកស្រីបានក្លាយជាស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩ បន្ទាប់ពីលែងលះជាមួយលោក Jeff Bezos និងទទួលបានចំណែកភាគហ៊ុន ៤% នៅក្នុងក្រុមហ៊ុន Amazon ៕