លោក ត្រាំ កំពុងបង្ហាញចេតនាជាថ្មីក្នុងការទិញយកកោះធំជាងគេបំផុតលើពិភពលោក ពីដាណឺម៉ាក

អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក នឹងពិចារណាក្នុងការទិញយកកោះ Greenland ដែលជាកោះធំជាងគេបំផុតរបស់ពិភពលោក ជាថ្មីម្តងទៀត ពីប្រទេសដាណឺម៉ាក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តិចជាងមួយខែមុនពេលចាប់ផ្តើមអាណត្តិទីពីររបស់ខ្លួន លោក ត្រាំ បានលើកឡើងនូវគំនិតក្នុងការទិញយកកោះ Greenland នេះសារជាថ្មីម្តងទៀត នៅលើបណ្តាញសង្គម TruthSocial របស់ខ្លួន បន្ទាប់ពីបានតែងតាំងពាណិជ្ជករ លោក Ken Howery ឲ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសដាណឺម៉ាក។

លោក ត្រាំ បានសរសេរថា ៖ “សម្រាប់ជាប្រយោជន៍ដល់សន្តិសុខជាតិ និងសេរីភាពរបស់យើងនៅជុំវិញពិភពលោក វាជាការចាំបាច់ដែលសហរដ្ឋអាមេរិកចង់ធ្វើជាម្ចាស់ និងគ្រប់គ្រងកោះ Greenland ។ លោក Ken នឹងតំណាងឲ្យផលប្រយោជន៍របស់អាមេរិក ដោយស្មោះអស់ពីចិត្ត” ។

រំលឹកផងដែរថា ក្នុងឆ្នាំ២០១៩ លោក ត្រាំ អំឡុងពេលអាណត្តិដំបូងនៅសេតវិមាន ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតអំពីគំនិតនៃទិញយកកោះ Greenland ពីប្រទេសដាណឺម៉ាក។ ប៉ុន្តែនៅពេលនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានច្រានចោលសំណើនេះ ហើយបាននិយាយថា វាមិនសមហេតុផលទេ។

Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាកតាំងពីឆ្នាំ១៨១៤ គឺជាកោះដ៏ធំបំផុតរបស់ពិភពលោកដោយមានផ្ទៃដីប្រហែល ២,១៦ លានគីឡូម៉ែត្រការ៉េ។ កោះនេះមានទីតាំងនៅជិតទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រអាកទិក ដែលមានប្រជាជនរស់នៅប្រហែល ៥៧ ០០០ នាក់។

Greenland ត្រូវបានគេជឿថាសម្បូរទៅដោយធនធានធម្មជាតិជាច្រើន រួមមាន រ៉ែដែក សំណ ស័ង្កសី ពេជ្រ មាស ធាតុកម្រនៃផែនដី អ៊ុយរ៉ាញ៉ូម និងប្រេង ជាដើម។ ធនធានទាំងនេះភាគច្រើនមិនត្រូវបានប្រើប្រាស់ទេ ដោយសារ ៨០% នៃកោះនេះត្រូវបានគ្របដណ្តប់ដោយទឹកកក។ អ្នកស្រាវជ្រាវក៏បានប៉ាន់ប្រមាណថានៅក្រោមបាតសមុទ្រជុំវិញកោះនេះ មានផ្ទុកប្រេងបម្រុងជាច្រើនផងដែរ៕