Toyota គ្រោងសាងសង់រោងចក្រដំបូងនៅក្នុងប្រទេសចិន សម្រាប់រថយន្តអគ្គិសនី Lexus របស់ខ្លួន

អន្តរជាតិ

Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក កាលពីពេលថ្មីៗនេះ បានបង្ហាញពីគម្រោងក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងបំផុតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន សម្រាប់ម៉ាកយីហាប្រណីត Lexus របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ជប៉ុនមួយនេះ កំពុងចរចាជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឲ្យរោងចក្រនេះក្លាយជាប្រតិបត្តិការរបស់ខ្លួនទាំងស្រុង ពោលគឺគ្មានការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកណាមួយឡើយ បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញបទប្បញ្ញត្តិថ្មីស្តីពីការវិនិយោគដោយក្រុមហ៊ុនបរទេស។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Toyota កន្លងមកមានការបណ្តាក់ទុនរួមគ្នា នៅក្នុងប្រទេសចិនជាមួយនឹងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា FAW និង GAC ដើម្បីផលិត និងចែកចាយរថយន្តសម្រាប់ម៉ាកយីហោ Toyota ។ ស្របពេលរថយន្ត Lexus ដែលលក់ក្នុងប្រទេសចិនបច្ចុប្បន្ន ត្រូវបាននាំចូលពីរោងចក្រផលិតរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសជប៉ុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា Toyota មានគម្រោងបើកដំណើរការរោងចក្រថ្មីរបស់ខ្លួននេះ នៅឆ្នាំ២០២៧ ក្នុងគោលបំណងដណ្តើមយកចំណែកនៅក្នុងទីផ្សាររថយន្តធំជាងគេបំផុតរបស់ពិភពលោក ក្រោយបានមើលឃើញពីការកើនឡើងយ៉ាងឆាប់រហ័សនៃរថយន្ត EV និង plug-in hybrid។

ប៉ុន្តែ​ទោះជាយ៉ា់ងណាក៏ដោយ អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ចរចានេះ ​បាន​និយាយ​ថា ​ក្រុមហ៊ុន​ផលិត​រថយន្តខ្នាតយក្សរបស់​ជប៉ុន​ ​នៅ​តែ​ត្រូវ​ការ​ចរចា​លក្ខខណ្ឌ​បន្ថែម​ទៀត​ជាមួយ​ភាគី​ចិន ដើម្បីឈានដល់ការអនុម័តកិច្ចព្រមព្រៀងជាផ្លូវការ៕