ម៉ិកស៊ិក គ្រោងដាក់ពន្ធបន្ថែមជាង ៣៦% លើការនាំចូលដែកលួសពីប្រទេសវៀតណាម

អន្តរជាតិ

ប្រទេសម៉ិកស៊ិក នឹងដាក់ពន្ធបន្ថែមដល់ ៣៦,២៣% លើការនាំចូលដែកលួសដែលប្រើសម្រាប់ការផ្សារដែក ពីប្រទេសវៀតណាម ក្រោយចោទប្រកាន់ថាប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ក្រសួង​សេដ្ឋកិច្ច​ម៉ិកស៊ិក បាន​បាននិយាយថាវៀតណាម​ ថា​កំពុង​ធ្វើឲ្យមានភាព​ជន់ជោរ​នៃដែកលួស​នៅក្នុងប្រទេស​ម៉ិកស៊ិក ដោយសារតែផលិតផលរបស់ពួកគេ​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ។ ការសម្រេចចិត្តដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទនៅក្នុងសារព័ត៍មានជាតិ គឺជាវិធានការចុងក្រោយរបស់ម៉ិកស៊ិក ដើម្បីកំណត់ការនាំចូលផលិតផលពីអាស៊ី បន្ទាប់ពីបានដាក់ពន្ធលើផលិតផលដែកថែប និងលើសម្លៀកបំពាក់ថោកៗរបស់ចិន ផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយទៀតថា ខ្លួនបានធ្វើការស៊ើបអង្កេតលើទំនិញដែកលួសរបស់វៀតណាម ចាប់តាំងពីចុងឆ្នាំ២០២៣ មកម្លេះ បន្ទាប់ពីក្រុមហ៊ុនម៉ិកស៊ិក Electrodos Infra SA de CV និង Plasticos y Alambres SA de CV បានត្អូញត្អែរអំពីការនាំចូលដែលមានតម្លៃអយុត្តិធម៌។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងសេដ្ឋកិច្ចបានដាក់ឈ្មោះក្រុមហ៊ុនវៀតណាម Kim Tin Group Corporation ថាបានចូលរួមក្នុងការកំណត់តម្លៃដោយអយុត្តិធម៌ ប៉ុន្តែការអនុវត្តលើច្បាប់ពន្ធគយថ្មីនេះ នឹងត្រូវអនុវត្តយ៉ាងទូលំទូលាយចំពោះអ្នកនាំចេញរបស់វៀតណាមទាំងអស់។

ជម្រាបជូនផងដែរថា ចំណែកទីផ្សាររបស់អ្នកផលិតដែកលួស នៅម៉ិកស៊ិក បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈចំណែកទីផ្សាររបស់អ្នកនាំចូលវៀតណាម បានកើនឡើងច្រើនជាង ១០% ដល់ ១៨,៦% នៅឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក៕