CDC ស្នើសហគ្រាសចិនមកបោះទុនវិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញទៅកាន់សហគ្រាសខេត្តយូណានរបស់ចិន ឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីផលិតវត្ថុធាតុដើម សម្រាប់នាំចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្ពុជា-ខេត្តយូណាន លើកទី១ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នាសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កក្ពុជា-ចិន បានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ  និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ។

ឆ្លៀតនឱកាសនោះដែរ លោក ក៏បានលើកទឹកចិត្តសហគ្រាសមកខេត្តយូណានឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជាដើម្បីផលិតវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្នុងតំបន់ផងដែរ។          

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តើមចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកបណ្តាក់ទុនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។ ជាក់ស្តែង ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ គម្រោងវិនិយោគចិននៅកម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ក្រោមទុនវិនិយោគសរុបប្រមាណ៣,២១ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ហ្សាលីន