ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Apple កំពុងឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃមូលធនទីផ្សារដល់ ៤ទ្រីលានដុល្លារ បន្ទាប់ពីត្រូវបានជំរុញដោយការរួមបញ្ចូលមុខងារបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឲ្យការលក់ទូរស័ព្ទ iPhone ជំនាន់ចុងក្រោយរបស់ខ្លួនកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនប្រមាណ ៥០០ពាន់លានដុល្លារ ឬស្មើទៅនឹងប្រមាណ ១៦% ដែលធ្វើឲ្យក្រុមហ៊ុននេះ វ៉ាដាច់គូប្រជែងធំៗរបស់ខ្លួន ដូចជា Nvidia និង Microsoft ជាដើម។
យោងតាមទិន្នន័យរបស់ LSEG បានបង្ហាញឲ្យដឹងផងដែរថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់នៅឆ្នាំក្រោយផងដែរ ខណ:អ្នកវិភាគមកពីក្រុមហ៊ុន Morgan Stanley បានព្យាករថា តម្រូវការស្មាតហ្វូនរបស់ Apple នៅឆ្នាំ២០២៥ នឹងបន្តកើនឡើងដោយសារតែការទទួលយក និងការពង្រីកមុខងារ AI ក្នុងផលិតផលរបស់ខ្លួន។
ជម្រាបជូនផងដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោកដែលឈានដល់តម្លៃមូលធនទីផ្សារចំនួន ៣ទ្រីលានដុល្លារ។ ហើយឥឡូវនេះ ក្រុមហ៊ុនផលិត iPhone ក៏កំពុងត្រៀមខ្លួនដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេដែលសម្រេចបានតម្លៃទីផ្សារ ៤ទ្រីលានដុល្លារ នាពេលឆាប់ៗខាងមុខនេះផងដែរ៕