នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ដែលមានទឹកប្រាក់ចំនួន ៦៩៤,៥៣៩ ដុល្លារ សម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះ ឆ្នាំទី២ និង ទឹកប្រាក់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិក សម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន ឆ្នាំទី២។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។
ឯកអគ្គរាជទូតជប៉ុន បញ្ជាក់ថា យើងជឿជាក់ថាជំនួយឥតសំណងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង។