អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានារបស់ជប៉ុន ជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត​ នៃប្រទេសជប៉ុន បានប្តេជ្ញាថាខ្លួននឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។ការបេ្តជ្ញារបស់លោកអភិបាលខេត្តមីយ៉ាហ្គិ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកអភិបាលខេត្តមីយ៉ាហ្គិ បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន​ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ  ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។

លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកជឿជាក់ថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត ខណៈលោកក៏បានប្ដេជ្ញាថានឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានអបអរសាទរ ចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៦​ ខែធ្នូ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានតែងតែបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០, ការស្ដារ និងកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តមីយ៉ាហ្គិ និងរដ្ឋាភិបាលជប៉ុន​ទាំងមូល ដែលតែងតែបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារ​ នៅប្រទេសជប៉ុន។

សម្ដេចធិបតីបានគូសបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាចូលរួមពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្ត, បច្ចេកវិទ្យា និង​ ឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅប្រទេសជប៉ុនទាំងនាពេលបច្ចុប្បន្ន និងអនាគត៕