អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ កាលពីរសៀលថ្ងៃអាទិត្យ ទី២៩ ខែធ្នូកន្លងទៅ។ នេះបើតាមការបញ្ជាក់ដោយ Carter Center ដែលជាមូលនិធិបង្កើតឡើងដោយលោកផ្ទាល់។
វិវត្តន៍ខ្លួនពីអតីតកសិករដាំសណ្តែកដី លោក Carter ត្រូវបានចាត់ទុកថាជាប្រធានាធិបតីមានអាយុវែងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ ហើយទើបតែបានប្រារព្ធខួបកំណើតគម្រប់ ១០០ឆ្នាំរបស់ខ្លួន កាលពីខែតុលាកន្លងទៅ។
មូលនិធិ Carter Center ដែលមជ្ឈមណ្ឌលតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជុំវិញពិភពលោក បាននិយាយថា លោក Carter បានទទួលមរណភាពកាលពីរសៀលថ្ងៃអាទិត្យ នៅផ្ទះរបស់លោកក្នុងទីក្រុង Plains រដ្ឋ Georgia ។
“ឪពុករបស់ខ្ញុំគឺជាវីរៈបុរស មិនត្រឹមតែចំពោះខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ្នកគ្រប់គ្នាដែលជឿជាក់លើសន្តិភាព សិទ្ធិមនុស្ស និងសេចក្តីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន” ។ នេះជាការលើកឡើងរបស់លោក Chip Carter កូនប្រុសរបស់លោក Jimmy Carter ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងជំទាវទីមួយ លោកស្រី Jill Biden បាននិយាយថា ពិភពលោកបានបាត់បង់មេដឹកនាំវិសាមញ្ញ រដ្ឋបុរស និងជាមនុស្សដ៏មានចិត្តសប្បុរសធម៌បំផុត ខណ:លោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតឡើងវិញ បាននិយាយថា ពលរដ្ឋអាមេរិក ជាប់ជំពាក់នូវការដឹងគុណចំពោះលោក Carter។
គួរឲ្យដឹងថា លោក Carter ជាប្រធានាធិបតីទី៣៩របស់សហរដ្ឋអាមេរិក ដែលកាន់តំណែងចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១ ដែលជារយៈពេលមួយនៅពេលពិភពលោកហ៊ុមព័ទ្ធដោយវិបត្តិសេដ្ឋកិច្ច និងការទូត។
បន្ទាប់ពីចាកចេញពីសេតវិមាន កេរ្តិ៍ឈ្មោះរបស់ លោក Carter ត្រូវបានស្តារឡើងវិញ តាមរយៈការងារមនុស្សធម៌ជាច្រើន ដែលធ្វើឲ្យរូបលោកទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព ផងដែរ៕