ដោយសារ​ជំងឺ​កូ​វីដ​១៩ រដ្ឋាភិបាល​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ដែល​ព្យួរការងារ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ​ ៖​ រដ្ឋាភិបាល​បាន​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់​ដើម្បី​ជួយ​សម្រាល​បន្ទុក​ក៏ដូចជា​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជួន​ដល់​បងប្អូន​កម្មករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង​នៅ​ថ្ងៃទី​១៦​ធ្នូ​នេះ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានផ្តល់​ប្រាក់ឧបត្ថម្ភ​លើក​ទី​៤១ ជូន​បងប្អូន​កម្មករ​និយោជិត​សរុប​ចំនួន ២ ២៣៦ នាក់ នៅ​រោងចក្រ សហគ្រាស​ចំនួន ១២ ក្នុង​វិស័យ​កាត់ដេរ​។

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ចុះ​នៅ​សៀ​ល​ថ្ងៃទី​១៦​ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា​ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការព្យួរ​កិច្ចសន្យាការងារ​ក្នុងនោះ​១៥២០០០​រៀល​ស្មើនឹង​៣៨​ដុល្លារ​សម្រាប់​ព្យួរ​មាន​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​៤៤ថ្ងៃ​។ ២២៨០០០​រៀល​ស្មើនឹង​៥៧​ដុល្លារ​អាមេរិក​សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​៤៥​ថ្ងៃ​និង​៣០៤០០០​រៀល​ស្មើនឹង​៧៦​ដុល្លារ​សម្រាប់​ការព្យួរ​មាន​រយៈពេល​ចាប់ពី​៥១​ថ្ងៃ​ឡើងទៅ​។

ក្រសួង​បាន​រំលឹក​ថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង​។

ក្រសួង​បាន​បញ្ជាក់​ថា ​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ហើយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំងនោះ​មិនបាន​ទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់​ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ជាបន្ទាន់៕
ប្រភព៖ កម្ពុជាថ្មី