មន្រ្តីជាន់ខ្ពស់កសិកម្ម លើកទឹកចិត្តដល់វារីវប្បករ លើការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមត្រី បង្កង កង្កែប

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាព និងជំរុញគាំទ្រដល់វារីវប្បករម្ចាស់កសិដ្ឋានបង្កាត់ពូជ-ភ្ញាស់បង្កង ត្រីប្រា ត្រីពោ ក្រាញ់ អណ្ដែង ត្រីរៀល កង្កែប និងកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ និងបង្កងទឹកសាប ចំនួន៤ទីតាំង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅស្រុកទ្រាំង ស្រុកគិរីវង់ ក្នុងខេត្តតាកែវ កាលពីពេលថ្មីពេលចុងសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈដំណើរទស្សននេះ ក្រសួងកសិកម្មបានបញ្ជាកថា ក្នុងគោលបំណង ដើម្បីជំរុញ និងលើក ទឹកចិត្តដល់វារីវប្បករ លើការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមត្រី បង្កង កង្កែប ។ល។ សំដៅជួយគាំទ្របច្ចេកទេស ដោះស្រាយបញ្ហានានា និងកៀរគរគម្រោងដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន និងវិស័យឯកជនឱ្យបន្តគាំទ្រអនុវិស័យវារីវប្បកម្មកាន់តែរីកចម្រើនថែមទៀត ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ។

បើតាមម្ចាស់កសិដ្ឋានទីតាំងវារីវប្បកម្មនីមួយៗបានលើកឡើងថា ការធ្វើវារីវប្បកម្ម ឬចិញ្ចឹមត្រី បង្កង និងកង្កែបរបស់ពួកគាត់បច្ចុប្បន្ន គឺទទួលបានប្រាក់ចំណេញ សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានសំណូមពរឱ្យក្រសួងកសិកម្មបន្តជួយផ្សព្វផ្សាយបច្ចេកទេសឱ្យកាន់តែទូលំទូលាយ និងជួយអន្តរាគមន៍ទៅក្រសួង ឬស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួលរកទីផ្សារ និងកម្ចីឥណទានពីដៃគូធនាគារដែលមានការប្រាក់ទាប ព្រមទាំងស្តារប្រព័ន្ធប្រឡាយទឹក ដើម្បីពង្រឹង និងពង្រីកការធ្វើវារីវប្បកម្ម ឬចិញ្ចឹមត្រី បង្កង និងកង្កែប។ល។

លោក ឃុន សាវឿន បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចក្ខុវិស័យវែងឆ្ងាយ និងធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង និងនិរន្តរភាព។ 

លោកក៏បានណែនាំឱ្យមន្ត្រីជំនាញជលផល ត្រូវបន្តផ្តល់គាំទ្របច្ចេកទេស និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការធ្វើវារីវប្បកម្មជូនដល់ម្ចាស់កសិដ្ឋានឱ្យបានចំគោលដៅ និងទាន់ពេលវេលាធ្វើយ៉ាងណាឱ្យអនុវិស័យនេះកាន់តែរីកចម្រើនបន្ថែមទៀត៕