ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់មួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៩នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ភាគហ៊ុនរបស់ក្រុមហ៊ុន Jeju Air បានបន្តធ្លាក់ចុះ ៨,៤% បន្ថែមទៀត បន្ទាប់ពីមានការធ្លាក់ចុះ ១៥,៧% នៅក្នុងការជួញដូរចុងក្រោយ មកត្រឹម ៦ ៩២០វ៉ុនក្នុងមួយហ៊ុន ដែលជាតម្លៃទាបបំផុត ចាប់តាំងពីពួកគេត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុន នៅឆ្នាំ២០១៥ មក។
ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ AK Holdings ដែលជាក្រុមហ៊ុនមេកាន់កាប់ Jeju Air ក៏បានធ្លាក់ចុះដល់ទៅ ១២% ផងដែរ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។
ហេតុការណ៍ធ្លាក់យន្តហោះដ៏គួរឲ្យរន្ធត់ កាលពីព្រឹកថ្ងៃអាទិត្យ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ត្រូវបានចាត់ទុកថាជាជើងហោះហើរជួបគ្រោះថ្នាក់ដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Jeju Air ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃសមរម្យបំផុតរបស់ប្រទេស ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៥ និងជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទីបីរបស់ប្រទេសកូរ៉េដោយគិតលើចំនួនអ្នកដំណើរ។
ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Choi Sang-mok កាលពីថ្ងៃចន្ទ បានបញ្ជាឲ្យត្រួតពិនិត្យលើសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍របស់ប្រទេសទាំងមូល នៅពេលដែលការងារសង្គ្រោះនៅលើយន្តហោះ Jeju Air ត្រូវបានបញ្ចប់។
ជម្រាបជូនផងដែរថា ជុំវិញឧបទ្ទវហេតុនេះ ក៏បានទាញទម្លាក់តម្លៃភាគហ៊ុន ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបផ្សេងទៀតផងដែរ រួមមាន Air Busan , Jin Air និង T’way Air ស្របពេលក្រុមហ៊ុនអាកាសចរណ៍បំផុតទាំងពីររបស់កូរ៉េខាងត្បូង គឺ Korean Air Lines បានធ្លាក់ចុះភាគហ៊ុន ១,៣% និង Asiana Airlines បានធ្លាក់ចុះ ០,៨%៕