កសិករម្នាក់រស់នៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានប្រកាសកាត់បន្លែដែលខ្លួនខំដាំឱ្យគោស៊ី ដោយសារឈ្មួញឱ្យបន្ទាបតម្លៃខ្លាំងពេក។ ក្នុងកិច្ចសម្ភាសជាមួយនឹងគេហទំព័រកម្ពុជាថ្មី កសិករ ស៊ូ វាសនា បានឱ្យដឹងថា ខ្លួនបានដាំបន្លែចម្រុះមានជាអាទិ៍ ស្ពៃក្រញាញ់ ស្ពៃចង្កិះ សាឡាត់ និងខាត់ណាជាដើម ដល់រដូវប្រមូលផលឈ្មួញកណ្ដាលបានទម្លាក់តម្លៃ ចន្លោះពី៥០០រៀលទៅ ៧០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនអាចលក់បានក្នុងតម្លៃចន្លោះពី ២០០០រៀលទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។
លោកអាចប្រមូលផលបានចន្លោះពី ១០០គីឡូក្រាមទៅ ២០០គីឡូក្រាម ក្នុងមួយថ្ងៃ ប៉ុន្តែដោយសារឈ្មួញឱ្យតម្លៃទាបពេកមិនអាចរួចថ្លៃដើម និងកម្លាំងពលកម្មមានតែកាត់ឱ្យគោស៊ី។ ក្នុងភូមិរបស់លោកមានពលរដ្ឋជាច្រើនបានប្រកបរបរដាំបន្លែ ហើយសុទ្ធតែបានរអ៊ូរទាំពីការខាតបង់ដើមទុន ដោយសារបន្លែចុះថ្លៃ។ មូលហេតុបន្លែចុះថ្លៃ អាចដោយសារការនាំចូលបន្លែពីប្រទេសជិតខាងច្រើនពេក។លោក វាសនា បានសរសេរនៅបណ្តាញសង្គមរបស់ខ្លួនថា ស្ពៃក្រញាញ់១គីឡូ ៧០០៛ ( អត់មានអ្នកទិញ) ស្ពៃចង្កឹះ១គីឡូ ៥០០៛ ( អត់មានអ្នកទិញ) សាឡាត់ ១០០ដុំ ១០០០០៛ (អត់មានអ្នកទិញ) មិនដឹងយកទៅលក់នៅណានោះទេពេលនេះ ចឹងមានតែកាត់ឱ្យគោស៊ីហើយ។
ទាក់ទងនឹងការអះអាងខាងលើកម្ពុជាថ្មី មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីជំនាញ និងអាជ្ញាធរដែនដីបាននៅឡើយ៕
ប្រភព៖ កម្ពុជាថ្មី https://kampucheathmey.com/business-economic/30358/