ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានអះអាងថា បរិមាណស្រូវនាងអំជិត៧០០តោន ដែលសហគមន៍ផលិតបានក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សហគមន៍មិនបានលក់ទៅឈ្មួញទិញស្រូវនៅក្នុងតំបន់នោះទេ គឺទុកធ្វើការកែច្នៃជាអង្ករលក់ដោយខ្លួនឯង ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានច្រើនជូនដល់សមាជិកសហគមន៍។
អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍ខាងលើបានឱ្យដឹងថា ក្រោយពីបញ្ចប់ការប្រមូលស្រូវនាងអំនៅដើមខែធ្នូឆ្នាំ២០២៤ រហូតមកដល់ឆ្នាំ២០២៥នេះ សហគមន៍បានយកស្រូវដែលផលិតកែច្នៃធ្វើជាអង្ករលក់បានប្រមាណ៣០តោនហើយនៅក្នុងបរិមាណស្រូវសរុបជិត៧០០តោន។
អ្នកស្រីគូសបញ្ជាក់ថា “បើយើងលក់ស្រូវទៅឈ្មួញកណ្តាលទាំងអស់វាអត់មានភាពល្បីនោះទេសម្រាប់ពូជស្រូវប្រវត្តិសាស្ត្រ មួយនេះ ហើយភាគលាភដែលទទួលបានតិចជាង ការកែច្នៃជាអង្ករលក់ដោយខ្លួនឯង។ យើងចង់ឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ កា្លយជាសហគមន៍មួយផ្គត់ផ្គង់អង្ករដំបូងគេនៅកម្ពុជា ទៅលើការដាំពូជស្រូវនាងអំ លក់អង្ករនាងអំ និងលក់ពូជស្រូវនាងអំ ”។
ដើម្បីឆ្លើយតបផែនការអាជីវកម្មរបស់សហគមន៍នៅឆ្នាំបន្ទាប់ ក្នុងចំណោមផ្ទៃដីសរុប៧០០ហិកតា សហគមន៍នឹងដកដីចំនួន៥០ហិកតា សម្រាប់ធ្វើការបន្សុតពូជស្រូវនាងអំដើម្បីផ្គត់ផ្គង់ពូជសុទ្ធនៅលើទីផ្សារ ហើយផ្ទៃដីនៅសល់នឹងធ្វើការដាំដុះស្រូវនាងអំទាំងអស់។
បើតាមអ្នកស្រី ឈិន សុភាសី, សហគមន៍កសិកម្មទំនើបស្រូវនាងអំ ចាប់ផ្តើមសាបព្រោះពូជស្រូវនាងអំនៅពាក់កណ្តាលខែឧសភា ដល់ខែមិថុនា ហើយធ្វើការប្រមូលផលនៅដើមខែវិច្ឆិកា និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ នៅលើផ្ទៃដីជាង៣៧០ហិកតា ដោយទទួលបានទិន្នផលស្រូវសរុបជិត៧០០តោន៕SL