ក្រសួងកសិកម្ម-អង្គការ FAO បើកិច្ចពិភាក្សាជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​(FAO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង សំដៅធានាទីផ្សាជូនប្រជាកសិករនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដឹកនាំដោយលោករដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយតំណាងអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​(FAO)កាលថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២៥។

​កិច្ចពិភាក្សានេះ បានផ្តោតលើការជំរុញទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក​ និងវិនិយោគិនបរទេស​ នូវកសិផលសំខាន់របស់កម្ពុជា ​រួមមាន៖​ ស្រូវអង្ករ​ ស្វាយចន្ទី​ ស្វាយ​ កៅស៊ូ​ ផលិតកម្មបន្លែ​ ផលិតផលវារីវប្បកម្ម​ ម្រេច​ ដំឡូងមី​ ត្រចៀកកាំ​ និងផលិតផលសក្តានុពលនានាជាដើម។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារត្រូវពិនិត្យពីកាលបរិច្ឆេទសមស្របមួយ​ ដែលអាច​ប្រារព្ធកម្មវិធីនេះ បានដោយរលូន​ និងមានការចូលរួមបានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម​ ផ្សាភ្ជាប់ពាណិជ្ជកម្មកាន់តែទូលំទូលាយ។​ ទន្ទឹមគ្នានេះ លោកថែមទាំង បានលើកទឹកចិត្តដល់ក្រុមការងារ​ត្រូវជំរុញការងារនេះឱ្យចេញជារូបរាង។

សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៤ ផលិតផលដំណាំកម្ពុជា សម្រេចបាន៣៩លានតោន កើនឡើងលើសឆ្នាំ២០២៣ ចំនួន២,៧លានតោន ក្នុងនោះនាំចេញបាន១១,៦៦លានតោន  គិតជាទឹកប្រាក់ជាង៤ ៧៩២លានដុល្លារ។នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

ក្រសួងកសិកម្ម បានបញ្ជាក់ដែរថា អាទិភាពសម្រាប់ឆ្នាំ ២០២៥ គឺការបង្កើនគុណភាពនៃការផលិតសម្រាប់ទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិតដើម្បីបង្កើនប្រាក់ចំណូលជូនកសិករ និងបន្តរក្សាលំនឹងថ្លៃស្បៀងអាហារសំខាន់ៗជូនប្រជាជនគ្រប់រូប៕ អត្ថបទ៖ ហ្សាលីន