ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើនជិត៩ % ឬស្មើ ២.៦៥៧លានដុល្លារ គិតត្រឹមឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងមិទ្ទីញរំឭកខួបអនុស្សាវរីយ៍​លើកទី៤៦ ទិវា​ជ័យជំនះ​ ៧មករា​ ឆ្នាំ​១៩៧៩-២០២៥​ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ឬស្មើនឹង ២.៦៥៧លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​  បានឱ្យដឹងទៀតថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាបាន នូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច សង្គមមានការអភិវឌ្ឍន៍លើគ្រប់វិស័យ​ ក្នុងនោះខេត្តកំពង់ចាម ទទួលបានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យកត់សំគាល់ ដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ​។

លោកអះអាងទៀតថា សមិទ្ធផលខេត្តកំពង់ចាមដែលសម្រេចបាននេះ គឺបានពីកត្តាសន្តិសុខ និងសន្តិភាព ក្នុងប្រទេស ហេតុនេះយើងទាំងអស់គ្នា ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ ជាពិសេសគឺបន្តអភិវឌ្ឍន៍ខេត្តកំពង់ចាមរបស់យើងឱ្យកាន់តែមានការរីកចម្រើនជាងនេះបន្តទៀត​ផងដែរ​។

បើតាមលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បញ្ជាក់ថា នៅឆ្នាំ២០២៤ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យ កសិកម្មមានទំហំ ១.០៣៤ លានដុល្លា, វិស័យឧស្សាហកម្ម មានទំហំ ៨៥៧ លានដុល្លា និងវិស័យ សេវាកម្មមានទំហំ ៧៦៦លានដុល្លា និងមាន GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។

អភិបាលខេត្តរូបនេះ ក៏បានអះអាងបន្ថែមថាតាមការរំពឹងទុកនៅឆ្នាំ២០២៥ ខេត្តកំពង់ចាម មានទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លា​ និងមានGDP មនុស្សម្នាក់ៗនឹងកើនដល់២.៤៧៨ដុល្លាក្នុងមួយឆ្នាំ៕ អត្ថបទ៖ ហ្សាលីន