លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅកាន់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត មន្រ្តីរាជការទាំងអស់ ពិសេសក្រុមការងារមូលដ្ឋានឱ្យខិតខំ ជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប សំដៅធានានិរន្តរភាពទីផ្សារជាតិប្រជាពលរដ្ឋកម្ពុជា។
លោកស្នើបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ កាលរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្រ្តីរាជការទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំដល់ភូមិ-ឃុំតែម្តង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានណែនាំដល់អង្គពិធី ត្រូវចូលរួមបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក បន្តកសាងសមិទ្ធផលបន្ថែមទៀតក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ ការទទួលសំណើ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ចំគោលដៅ និងក្តាប់ឱ្យបាននូវស្ថានភាពគ្រប់អនុវិស័យទាំងអស់។
ទន្ទឹមនឹងនេះ លោក ក៏បានលើកទឹកចិត្តដល់ក្រុមការងារត្រូវពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព ត្រូវចុះជួយជាជំនួយបច្ចេកទេស ផ្តល់វគ្គបណ្តុះបណ្តាល និងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់ត្រូវតាមតម្រូវការទីផ្សារ និងមានហានិភ័យទាបសម្រាប់ប្រជាកសិករកម្ពុជា។
សូមបញ្ជាក់ដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចាត់ទុកថា សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងកសិកម្មត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញដោយសហគមន៍ផ្ទាល់ ៕ អត្ថបទ៖ ហ្សាលីន