អ្នកឧកញ៉ា ហ៊ុន តូ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានចេញលិខិតសេចក្ដីបញ្ជាក់ជូនសាធារណជន និងបានបដិសេធរាល់ការចោទប្រកាន់ដោយគ្មានភស្តុតាងពីសំណាក់អតីតអ្នកឧកញ៉ា ហេង សិទ្ធី។
ក្នុងលិខិតបញ្ជាក់នេះ អ្នកឧកញ៉ា ហ៊ុន តូ បានលើកឡើងថា មួយរយៈកន្លងមកនេះ មានការក្លែងប្រឌិតអង្គហេតុ ចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងគម្រាមសម្លាប់មកលើរូបលោក ពីសំណាក់បុគ្គលម្នាក់ឈ្មោះ ហេង សិទ្ធី។ អំពើជាបន្តបន្ទាប់របស់បុគ្គលឈ្មោះ ហេង សិទ្ធី បានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ពិតជាបានបង្ហាញនូវចេតនាទុច្ចរិត បំពានច្បាប់ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សិទ្ធិប្រកបមុខរបរ សិទ្ធិការពារដោយច្បាប់របស់រូបលោក។
អ្នកឧកញ៉ា ហ៊ុន តូ សូមបញ្ជាក់ជូនសាធារណៈលើ ៣ចំណុច ដូចខាងក្រោម៖
១. រាល់ទង្វើផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា របស់បុគ្គលឈ្មោះ ហេង សិទ្ធី សុទ្ធសឹងជាការក្លែងប្រឌិត ផ្ទុយពីការពិត បំភាន់មតិសាធារណៈជន ចេតនាទុច្ចរិតចោទប្រកាន់ ទំលាក់កំហុសដោយអសុទ្ធចិត្តមកលើរូបលោក។
២. អ្នកឧកញ៉ា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្តឹងបកត្រឡប់ទៅវិញ និងតតាំងក្តីជាមួយបុគ្គលឈ្មោះ ហេង សិទ្ធី ដើម្បីការពារសិទ្ធិ ភាពត្រឹមត្រូវរបស់លោក នៅចំពោះមុខច្បាប់។
៣. ទង្វើររបស់បុគ្គលឈ្មោះ ហេង សិទ្ធី មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិបុគ្គលរបស់លោកនោះទេ តែថែមទាំងបានប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍សង្គមកម្ពុជាផងដែរ៕