ក្រុមហ៊ុន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd បានបង្ហាញការចាប់អារម្មណ៍មានបំណងចង់វិនិយោគនូវកសិផលកម្ពុជា៣ប្រភេទ មានដូចជា ទុរេន ដូងស្រស់ និងស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗ។
នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងចង់វិនិយោគនូវកសិផលកម្ពុជាដូចជា ទុរេន ដូងស្រស់ និងស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗ។ ដោយលោកលើកឡើងថា កម្ពុជាមានកសិផលសក្តានុពលជាច្រើន រួមមាន ផ្លែស្វាយ ផ្លែមៀន និងចេកពងមាន់ មានរសជាតិឆ្ងាញ់ និងគុណភាពល្អ ជាពិសេសកម្ពុជាមាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន ប្រការសំខាន់គឺទាមទារការវិនិយោគលើការវេចខ្ចប់ កែច្នៃ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្តថា កម្ពុជាស្វាគមន៍នូវរាល់វិនិយោគិនដែលមានបំណងចង់វិនិយោគលើការកែច្នៃ និងធ្វើពាណិជ្ជកម្មនាំចេញ ដោយអាចសហការធ្វើការដាំដុះជាមួយប្រជាកសិករ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ និងអាចទទួលទិញត្រលប់ក្នុងតម្លៃចរចា ដោយមិនប្រកួតប្រជែងលើការដាំដុះជាមួយប្រជាកសិករឡើយ។
បន្ថែមពីនេះ លោកក៏បានផ្តល់ការណែនាំដល់ភាគីក្រុមហ៊ុនត្រូវធ្វើការកំណត់ស្តង់ដានៃកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងការធ្វើទីផ្សារផលិតផលដើម្បីឱ្យអ្នកប្រើប្រាស់មានការទទួលស្គាល់ ដែលជាកត្តាចាំបាច់ ជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ និងមានតម្លៃបន្ថែមខ្ពស់ ហើយកម្ពុជាមានគោលបំណងប្រកួតប្រជែងលើផលិតផលដែលមានគុណភាពល្អប្រណិត និងមានរសជាតិឆ្ងាញ់ ដោយមិនប្រកួតប្រជែងបរិមាណ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ភាគីក្រុមហ៊ុនសហការជាមួយក្រសួងកសិកម្ម ក្នុងការចុះពិនិត្យទីតាំង និងគុណភាពកសិផលកម្ពុជា ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពេញលេញ និងមានភាពច្បាស់លាស់ក្នុងការវិនិយោគ៕