ឧកញ៉ា អុឹង គីមហុង ចែកស្បែកជើងជូនដល់ពលរដ្ឋដែលជិះកាត់ភូមិគ្រឹះរបស់ខ្លួន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អុឹង គីមហុង រហស្សនាម «ឧកញ៉ាគួរឱ្យស្រឡាញ់» អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL បានចែកស្បែកជើងគ្រួសាររបស់លោកដែលពុំសូវបានប្រើ ជូនដល់ពលរដ្ឋដែលធ្វើដំណើរកាត់ភូមិគ្រឹះរបស់លោក នៅផ្លូវ២០០៤ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា អុឹង គីមហុង បានបញ្ជាក់ថា ស្បែងជើងទាំងអស់នេះគឺជាស្បែកជើងរបស់លោកផ្ទាល់ មានទាំងស្បែកជើងសម្រាប់ពាក់ធ្វើការ និងស្បែកជើងលេងកីឡា។ ក្រៅពីនោះ ក៏មានស្បែកជើងរបស់ភរិយាលោក និងស្បែកជើងកូនៗរបស់លោកផងដែរ ហើយស្បែកជើងទាំងអស់នេះ គឺគ្រួសាររបស់លោកបានប្រើប្រាស់តិចតួចមែនទែន និងឈប់ប្រើប្រាស់ តែគុណភាពនៅស្ទើរតែដូចថ្មី ដូច្នេះទើបលោកយកមកបរិច្ចាគជូនបងប្អូនអ្នកដំណើរឆ្លងកាត់ភូមិគ្រឹះរបស់លោក។

នេះមិនមែនជាលើកទីមួយនោះទេ ដែលឧកញ៉ា អុឹង គីមហុង ធ្វើការបរិច្ចាគនៅមុខភូមិគ្រឹះរបស់លោក។ កន្លងមក លោកឧកញ៉ា និងភរិយា ក៏ធ្លាប់បានបរិច្ចាគនូវផ្លែឈើ និងបន្លែធម្មជាតិ ជូនដល់បងប្អូនអ្នកដំណើរ និងអ្នករត់ម៉ូតូកង់បីផងដែរ។

សូមជម្រាបថា លោកឧកញ៉ា អុឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL និងលោកជំទាវឧកញ៉ា សុខ ស្រីអូន មានបុត្រាបុត្រីគួរឱ្យស្រលាញ់ចំនួន ៤នាក់ (កូនស្រី១ និងកូនភ្លោះប្រុស ៣)។ ក្រៅពីនេះ លោកឧកញ៉ា និងលោកជំទាវឧកញ៉ា ក៏មានមុខជំនួញជាច្រើននៅក្នុងដៃថែមទៀត។ លោកឧកញ៉ា និងភរិយា បានរៀបចំពិធីឡើងភូមិគ្រឹះថ្មីមានឈ្មោះថា «ភូមិគ្រឹះ ឧកញ៉ាគួរឱ្យស្រលាញ់» តម្លៃជិត ៥លានដុល្លារ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕