យោងតាមមន្ត្រីអាមេរិកមួយរូប បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីលោក ចូ បៃដិន គ្រោងនឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ដោយផ្តោតទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី នៅក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីជួយគាំទ្រដល់អ៊ុយក្រែន មុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
មន្ត្រីរូបនេះបាននិយាយទៀតថា បើទោះបីជាមិនទាន់មានព័ត៌មានលម្អិតអំពីទណ្ឌកម្មថ្មីដែលលោក បៃដិន នឹងដាក់ក្នុងថ្ងៃចុងក្រោយក្នុងការកាន់តំណែងរបស់ខ្លួនក៏ដោយ ប៉ុន្តែជំនួយការរបស់ប្រធានាធិបតីរូបនេះ កំពុងពន្យល់ប្រាប់ជំនួយការរបស់លោក ត្រាំ អំពីជំហានបន្ទាប់ដែលពួកគេកំពុងអនុវត្តលើវិធានការនេះ។
គួរឲ្យដឹងថា ជុំវិញការប្រកាសនេះ បានកើតឡើង ចំពេលរដ្ឋបាលលោក បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន ៥០០លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះរួមមានមីស៊ីលការពារដែនអាកាស គ្រាប់បែកទម្លាក់ពីអាកាសទៅដី និងឧបករណ៍ជំនួយសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ។
មិនតែប៉ុណ្ណោះ ជំនួយការរបស់លោក បៃដិន បាននិយាយទៀតថា ពួកគេចង់ដាក់អ៊ុយក្រែននៅក្នុងទីតាំងខ្លាំងបំផុតនៅលើសមរភូមិ ដើម្បីផ្តល់ឲ្យពួកគេនូវឥទ្ធិពលកាន់តែខ្លាំង សម្រាប់ការចរចាដែលនឹងអាចកើតឡើងជាមួយរុស្ស៊ីនៅឆ្នាំនេះ។
ជម្រាបជូនផងដែរថា ការវិលត្រឡប់មកកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមករាខាងមុខ ហើយវាត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងនាំមកនូវក្តីសង្ឃឹមនៃដំណោះស្រាយការទូតដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏នៅមានការព្រួយបារម្ភនៅក្នុងទីក្រុងគៀវផងដែរថា ការនាំមកនូវសន្តិភាពដែលអាចកើតមានក្នុងពេលឆាប់រហ័សបែបនេះ ក៏នឹងត្រូវបង់ចំណាយក្នុងតម្លៃដ៏ខ្ពស់ផងដែរ៕