ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ បង្ហាញទីតាំងទេសចរណ៍ដែលជាគ្រាប់ពេជ្រដ៏សំខាន់មួយទៀត របស់ខេត្តកោះកុង

ជុំវិញ​ឧកញ៉ា

ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានបង្ហាញជូននូវតំបន់ទេសចរណ៍ដ៏មានសក្តានុពលថ្មីមួយទៀត មានឈ្មោះថា វី រី ខា តាតៃ វិឡា (Wi Ri Ca Tatai Villa) ស្ថិតនៅព្រែកតាតៃ ឃុំតាតៃក្រោម ស្រុកកោះកុង ដែលជាគ្រាប់ពេជ្រដ៏សំខាន់ របស់ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្ជាប់ជាមួយរូបភាពទេសភាពដ៏ស្រស់ត្រកាលជាច្រើនសន្លឹក ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងភ្ជាប់ជាមួយសារលើបណ្តាញសង្គមហ្វេសប៊ុកថា ព្រែកតាតៃ ជាគ្រាប់ពេជ្រសម្រាប់ខេត្តកោះកុង ហើយក៏ជាដងព្រែកដែលស្អាតបំផុតនៅអាស៊ីអាគ្នេយ៍។ ឯកឧត្តមអ្នកឧកញ៉ា បានបន្ថែមថា ភ្ញៀវទេសចរណ៍អាចរីករាយជាមួយខ្យល់ដ៏សែនបរិសុទ្ធ ជ្រលងភ្នំ ទឹកជ្រោះ ជាច្រើនកន្លែង ជិះទូកគយគន់ទេសភាពស្រស់ត្រកាល តាមដងព្រែក ចាប់បង្កងតាមដងព្រែក ស្ទូចត្រី និងការទិញផល្លានុផលរបស់សហគមន៍តាតៃតាមរដូវកាល។

សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ជាតំបន់ដែលមានសក្តានុពលធម្មជាតិ មានព្រៃឈើ និងព្រៃកោងកាង ទឹកធ្លាក់ ទេសភាពតាមដងព្រែក ភូមិបុរាណ រួមនឹងការនេសាទ។ តាតៃក្រោម គឺជាឃុំមួយក្នុងចំណោម ឃុំ ទាំងបួន ស្ថិតក្នុងស្រុកកោះកុង ខេត្តកោះកុង និងជាឃុំមួយ ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឱ្យក្លាយទៅជា សហគមន៍អេកូទេសចរណ៍ធម្មជាតិ ដែលរួមមានតំបន់ទេសចរណ៍ ទឹកធ្លាក់ ព្រៃលិចទឹក និងទេសចរណ៍ធម្មជាតិ ផ្សេងៗទៀត។

សូមជម្រាបថា ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ ជាសហគ្រិនឆ្នើមមួយរូបរបស់កម្ពុជា ដែលបានវិនិយោគលើរីស៊តជាង ១០កន្លែងនៅតាមបណ្តាខេត្តមួយចំនួន ពិសេសគឺនៅខេត្តកុងកោះ។ សម្រាប់នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ មានរីស៊តល្បីៗដូចជា កោះស្តេចរីស៊ត(Koh Sdach Resort), កោះអភិជនរីស៊ត(Koh Apikjun Resort), ម៉េតម៉ាងឃី រីស៊ត(Mad Monkey Resort) និងរ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ(Royal Beach Resort & Residence)៕