អាមេរិក ​ទិញ​ចូលប្រេង​ពី​កាណាដា​ក្នុង​ចំនួនកំណត់ត្រា ចំពេលលោក ត្រាំ គំរាមដាក់ពន្ធថ្មី

អន្តរជាតិ

ការ​នាំ​ចូល​ប្រេងឆៅ​របស់​សហរដ្ឋ​អាមេរិក​ ពី​ប្រទេស​កាណាដា​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុតមិនធ្លាប់មាន ​កាល​ពី​សប្តាហ៍​មុន ខណៈ​ពេលដែលប្រធានាធិបតីជាប់ឆ្នោត ​លោក ដូណាល់ ត្រាំ កំពុងបន្តគំរាមដាក់ពន្ធថ្មីបន្ថែមលើ​ប្រទេស​ជិត​ខាងមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



យោងតាមទន្នន័យពីរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បាននិយាយកាលពីថ្ងៃទី៨ ខែមករាថា បរិមាណប្រេងឆៅដែលអាមេរិកនាំចូលពីប្រទេសកាណាដា មានចំនួនសរុប ៤,៤២ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងចំនួន ៦៨៩ ០០០ បារ៉ែល ដោយវាជា​កម្រិត​ខ្ពស់បំផុត​នៃ​ការ​ទិញចូល​ប្រេង​របស់​អាមេរិក ពី​ប្រទេស​ជិតខាងមួយនេះ។

តួលេខ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ចំពេល​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក លោក ត្រាំ បាន​គំរាម​ប្រើ “កម្លាំង​សេដ្ឋកិច្ច” ដើម្បី​ដាក់បញ្ចូល​កាណាដា ជាផ្នែកមួយនៃរដ្ឋ​ថ្មីរបស់អាមេរិក។ លោក ត្រាំ​ ក៏បានប្រកាសពីពេលមុនផងដែរថា លោកនឹងយកពន្ធនាំចូល ២៥% លើទំនិញរបស់ម៉ិកស៊ិក និងកាណាដាភ្លាមៗ បន្ទាប់ពីស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកាណាដាដែលមានចំនួន ៧៦% នៃការនាំចេញ និង ៦៤% នៃការនាំចូលរបស់ខ្លួន។ ប្រទេសកាណាដា ក៏ជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ផងដែរ។ ក្នុងឆ្នាំ២០២៣ ៦០% នៃការនាំចូលប្រេងឆៅសរុបមកកាន់ទឹកដីសហរដ្ឋអាមេរិក គឺបានមកពីប្រទេសកាណាដា។

មិនតែប៉ុណ្ណោះ​ បើតាមអ្នកវិភាគនៅក្រុមហ៊ុនទិន្នន័យ Kpler បាននិយាយថា មូលហេតុចម្បងជុំវិញការកើនឡើងនៃការនាំចូលប្រេងឆៅពីកាណាដា មកកាន់អាមេរិកនេះ ក៏អាចបណ្តាលមកពីការកើនឡើងនៃផលិតកម្មនៅក្នុងប្រទេសកាណាដា ខណ:ការស្តុកប្រេងរបស់ប្រទេសនេះកំពុងហក់ឡើងខ្ពស់វិញ បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ នៅក្នុងខែតុលា ឆ្នាំ២០២៤៕