យោងតាមក្រុមហ៊ុនព្យាករឯកជនរបស់អាមេរិក AccuWeather បាននិយាយកាលពីពេលថ្មីៗនេះថា ទំហំនៃការខូតខាត និងការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានប៉ាន់ស្មានជាបឋមថាអាចឈានដល់ជាង ៥០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត នៅទីក្រុង Los Angeles បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ បំផ្លាញអគារ និងផ្ទះសម្បែងប្រជាជនអស់រាប់រយ ចាប់តាំងពីហេតុការណ៍នេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ជាមួយនឹងខ្យល់បក់ខ្លាំងដែលបានរារាំងដល់ប្រតិបត្តិការពន្លត់អគ្គីភ័យ និងការឆេះកាន់តែរីករាលដាលធំឡើង។
ទន្ទឹមនឹងនេះ AccuWeather ដែលបានប៉ាន់ប្រមាណការខាតបង់ចន្លោះពី ៥២ពាន់លានដុល្លារ ទៅ ៥៧ពាន់លានដុល្លារ បានបន្ថែមថា ប្រសិនបើភ្លើងឆេះព្រៃនេះ បន្តរាលដាលដល់សង្កាត់ដែលមានប្រជាជនរស់នៅច្រើន ការប៉ាន់ប្រមាណបច្ចុប្បន្នចំពោះទំហំនៃការខូតខាត និងការខាតបង់សេដ្ឋកិច្ច អាចនឹងបន្តកើនឡើងកាន់តែច្រើនបន្ថែមទៀត។
លោក Jonathan Porter ប្រធានផ្នែកឧតុនិយមរបស់ AccuWeather បាននិយាយថា ៖”ប្រសិនបើរចនាសម្ព័ន្ធមួយចំនួនធំបន្ថែមទៀត ត្រូវបានដុតបំផ្លាញនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ នោះវានឹងក្លាយជាគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរដ្ឋកាលីហ្វ័រញ៉ាសម័យទំនើបនេះ ដោយផ្អែកលើចំនួនសំណង់ដែលបានឆេះ និងការខាតបង់សេដ្ឋកិច្ច” ។
ជាមួយគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CoreLogic ប៉ាន់ប្រមាណថាមានផ្ទះច្រើនជាង ៤៥៦ ០០០ ខ្នង អាចត្រូវបានបំផ្លាញ ខណ:តម្លៃសាងសង់ឡើងវិញ អាចកើនឡើងដល់ជិត ៣០០ពាន់លានដុល្លារ ជាពិសេសនៅតំបន់រងផលប៉ះពាល់ខ្លាំង ដូចជាទីក្រុង Los Angeles និងតំបន់ Riverside ជាដើម៕