អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។
ការបង្ហាញពីបំណងរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុងជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្មនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក ឌិត ទីណា បានស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ (FAO) ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។
លើសពីនេះ លោកក៏បានលើកទឹកចិត្តឱ្យមានការជំរុញការធ្វើវារីវប្បកម្ម ដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិឱ្យបានគង់វង្សយូរអង្វែង និងបានសង្កត់ធ្ងន់ឲ្យកំណត់ការនេសាទសម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញគឺ «មានបាន»។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើវារីវប្បកម្មនេះទាមទារការអភិវឌ្ឍការចិញ្ចឹមត្រីមានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណីដែលមានគុណភាព និងការវិនិយោគលើការបង្កាត់-ភ្ញាស់កូនត្រី ដែលភាគីអង្គការអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រ និងសហការក្នុងការងារនេះ។
ជាការឆ្លើយតប ភាគីជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្មនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបង្ហាញគោលចំហររបស់ខ្លួនក្នុងការគាំទ្រប្រទេសកម្ពុជា បើសិនជាកម្ពុជាត្រូវការជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការងារវារីវប្បកម្ម ការផលិតចំណី និងការបង្កាត់-ភ្ញាស់កូនត្រី ព្រមទាំងពិនិត្យពិចារណាក្នុងការពង្រីកការគាំទ្រចំពោះវិស័យកសិកម្មកម្ពុជា និងក្រសួងកសិកម្មផ្ទាល់ លើអ្វីដែលបានសម្រេចជាមួយគ្នាកន្លងមក និងបន្ថែមនូវការគាំទ្រលើការអភិរក្សធនធានធម្មជាតិបន្ថែមទៀតផងដែរ៕