នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលធ្វើជាក្បួននាំមុខឱ្យអ្នកជំនួញអនឡាញ ទៅចូលរួមមង្គលការ

សង្គម​ និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចេញបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តអ្នកជំនួញអនឡាញ យកមកអនុវត្តតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាព្រឹកថ្ងៃទី១០ ខែមករានេះ មានការផ្ទុះការចាប់អារម្មណ៍ និងវែកញែកជាច្រើននៅលើបណ្តាញសង្គម ក្រោយមានជំទាវលក់អនឡាញម្នាក់ទៅចូលរួមពិធីមង្គលការ (ញ៉ាំការ) មានរថយន្តសឺរ៉ែនបំពាក់ស្លាកលេខ ខ.ម បើកផ្លូវ នាំមុខជូន នៅលើផ្លូវជាតិលេខ៥។ ក្នុងវីដេអូចែករំលែកលើបណ្តាញសង្គមនោះដែរ បានឱ្យដឹងថា អ្នកជំនួញអនឡាញរូបនោះ មានងារជាជំទាវ និងត្រូវជាភរិយារបស់លោកឧកញ៉ាមួយរូបផងដែរ។

ទោះយ៉ាងណា ក្រោយពីផ្ទុះរឿងរ៉ាវនេះឡើង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏មិនរង់ចាំយូរនោះដែរ ពោលគឺក្នុងនាមជា ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ លោកបានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម នោះឱ្យបាន។

គួរបញ្ជាក់ថា បើយោងច្បាប់ចរាចរណ៍ផ្លូវគោក យានជំនិះដែលមានអាទិភាពលើដងផ្លូវនៅកម្ពុជា (អាចបើប្រាស់សឺរ៉ែន) គឺយានជំនិះដែលកំពុងបំពេញភារកិច្ច តាមលំដាប់ដូចតទៅ៖ យានពន្លត់អគ្គិភ័យ, យានសង្គ្រោះរបស់មន្ទីរពេទ្យ, យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ។ កាលណា បានលឺសូរសព្ទ និងភ្លើងសញ្ញា របស់ក្បួនរថយន្តទាំងនេះហើយ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបន្ថយល្បឿន ហើយបើកបរអែបទៅខាងស្តាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុត ដែលអាចធ្វើទៅបាន ដើម្បីសម្រួលផ្លូវឱ្យយានយន្តទាំងនេះ ធ្វើដំណើរទៅមុខដោយសុវត្ថិភាព៕