តាមរយៈការព្យាករពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងឈរនៅលេខរៀងទី៣ ដែលសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំ២០២៥នេះ ដោយខ្ពស់ជាងប្រទេសថៃ ខ្ពស់ជាងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ចទៅទៀត។
ទិន្នន័យដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ធនាគារ ADB បានបង្ហាញថា ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម នឹងសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅឆ្នាំនេះ ពោលមានកំណើន៦,២% ដូចគ្នា ស្របពេលកម្ពុជាមានកំណើន៦% ឥណ្ឌូនេស៊ី៥% ទីម័រលេស្ត៣,៩% ឡាវ៣,៧% ថៃ២,៧% និងប្រទេសមីយ៉ាន់ម៉ា១,៧% ។
ការដែលកម្ពុជាឆ្នាំមុនសម្រេចបាន៥,៨% ខណៈឆ្នាំនេះ ADP សម្រេចព្យាករណ៍ថានឹងកើន GDP មកដល់ចំនួន៦% ដូច្នេះ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការព្យាករនេះដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋានសម្រាប់កំណើនរឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។
គួរឲ្យដឹងដែរថា ក្រៅតែពី ADP ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើការព្យាករ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ដោយនៅឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបាននៅរង្វង់៦,៣% ៕