រថយន្ត Tesla Model Y ស៊េរីថ្មីរបស់មហាសេដ្ឋី Elon Musk ប្រកាសចេញលក់ជាផ្លូវការនៅចិន ក្នុងតម្លៃជាង ៣៥ ០០០ដុល្លារ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋី Elon Musk ទើបតែប្រកាសចេញលក់រថយន្តអគ្គិសនី Model Y Juniper ថ្មីរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីមានការរំពឹងទុកអស់រយ:ពេលជាយូរមកហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CarNews China។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្ត SUV ថ្មីរបស់ក្រុមហ៊ុន Tesla នេះ ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមចែកចាយ នៅខែមីនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសពីរប្រភេទ ដោយតម្លៃរបស់វានឹងចាប់ផ្តើម ចន្លោះពី ២៦៣ ៥០០យ៉ន់ – ៣០៣ ៥០០យ៉ន់ (២៥ ៩៥០ដុល្លារ – ៤១ ៤០០ដុល្លារ)។ រថយន្ត Tesla ម៉ូដែល Y Juniper ដែលទើបប្រកាសចេញថ្មីនេះ ហាក់មានតម្លៃខ្ពស់ជាង បើធៀបទៅនឹងរថយន្ត Tesla Model Y ធម្មតា។

យ៉ាងណាមិញដូចដែលធ្លាប់បានឃើញក្នុងរូបភាពបែកធ្លាយមួយចំនួន រថយន្ត Tesla Model Y ស៊េរីថ្មីនេះ ទទួលយកការរចនាប្លែកជាងមុន ដោយបានបំពាក់មកនូវអំពូល LED លាតសន្ធឹងពេញផ្ទៃផ្នែកខាងមុខនៃរថយន្ត ពោលគឺស្រដៀងទៅនឹងរថយន្ត Cybertruck ដែរ។

ទន្ទឹមនឹងនេះ យោងតាមគេហទំព័រផ្លូវការរបស់ Tesla បានបង្ហាញឲ្យដឹងទៀតថា រថយន្តអគ្គិសនី Model Y Juniper នេះ អាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ទៅ ៧១៩ គីឡូម៉ែត្រ នៅក្នុងការសាកបំពេញថ្មម្តង រួមជាមួយនឹងការរចនាសំបកកង់ថ្មី (ទំហំ ១៩អ៊ីញ និងទំហំ ២០អ៊ីញ) ដែលផ្តល់ឲ្យការបើកបរកាន់តែរលូន និងឆ្ងាយជាងមុន។

Model Y Juniper បានបន្ថែមមកជាមួយនឹងជម្រើសពណ៌ខៀវថ្មី ខណ:ការបង្កើនល្បឿនក៏ត្រូវបានកែលម្អផងដែរ ដោយ Tesla បាននិយាយថារថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួន ត្រូវបានបំពាក់ដោយថាមពលថ្មធំជាងមុន ខណ:កម្លាំងស្ទុះអាចជាន់បានពី ០-១០០km/h ក្នុងរយៈពេលត្រឹមតែ ៤,៣វិនាទី ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា មុនការប្រកាសចេញម៉ូដែលថ្មីនេះ Tesla Model Y ធម្មតា បានក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣ និងនៅទូទាំងពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំ២០២៤ Tesla Model Y បានបាត់បង់តំណែងលេខ១ របស់ខ្លួន ទៅឲ្យ BYD Qin Plus ដែលជារថយន្តលក់ដាច់ច្រើនជាងគេបំផុត ក្នុងប្រទេសចិន។

ជម្រាបជូនថា យោងតាម ​​China EV DataTracker បានបង្ហាញថា ក្រុមហ៊ុន Tesla លក់រថយន្តសរុបបាន ៤១៨ ៤២៨គ្រឿង នៅក្នុងប្រទេសចិន គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ដូច្នេះហើយ ទើបក្រុមហ៊ុន Tesla ប្រញាប់ប្រញាល់ចេញលក់រថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន មុនសហរដ្ឋអាមេរិក៕