Madam Pang សេដ្ឋីនីក្នុងវិស័យបាល់ទាត់របស់ប្រទេសថៃ ល្បីមានទ្រព្យសម្បត្តិសរុប​ក្បែរ​ពាន់លានដុល្លារ

អន្តរជាតិ

លោកស្រី Nualpha Lamsam ឬត្រូវបានគេស្គាល់ជាទូទៅថា Madam Pang បច្ចុប្បន្នមានតំណែងជាប្រធានសមាគមកីឡាបាល់ទាត់របស់ប្រទេសថៃ ខណ:លោកស្រី គឺជាទាយាទស្នងមរតករបស់គ្រួសារ Lamsam ដែលត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសរុបប្រមាណ​ ៨៩០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Madam Pang បច្ចុប្បន្នវ័យ ៥៨ឆ្នាំ គឺជាអ្នកស្នងមរតកជំនាន់ទី៥ នៃគ្រួសារត្រកូល Lamsam ដែលរកស៊ីទៅលើអាជីវកម្មក្នុងវិស័យធំៗជាច្រើន ជាពិសេសធនាគារ និងការធានារ៉ាប់រង ជាមួយនឹងការកាន់កាប់ភាគហ៊ុនមួយចំនួនធំ នៅក្នុងក្រុមហ៊ុន KBank, Phatra Insurance, Muang Thai Insurance និង Muang Thai Life Assurance ជាដើម។

Madam Pang បច្ចុប្បន្នកាន់តំណែងជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Muang Thai Insurance ស្របពេលោកស្រី ក៏ជាម្ចាស់ក្រុមហ៊ុន Saint Honorè នៅទីក្រុងបាងកក ដែលចែកចាយម៉ាកយីហោប្រណីតរបស់បារាំង Hermès ក្នុងប្រទេស និងជាសហម្ចាស់ក្រុមហ៊ុន Meister Technik ដែលជាអ្នកចែកចាយផ្លូវការនៃម៉ាករថយន្តលំដាប់កំពូលរបស់អាល្លឺម៉ង់ Audi នៅប្រទេសថៃ ផងដែរ។

ក្រៅតែពីទ្រព្យសម្បត្តិ និងភាពជាសហគ្រិន Madam Pang ក៏ត្រូវបានគេទទួលស្គាល់ផងដែរថា ជាផ្នែកដ៏សំខាន់បំផុត ក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍវិស័យបាល់ទាត់របស់ប្រទេសថៃ ដោយបានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងក្រុមបាល់ទាត់ផ្នែកបុរស និងនារី ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។



ក្រោមការដឹកនាំរបស់លោកស្រី ក្រុមជម្រើសជាតិនារីថៃ បានចូលរួមការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០១៥ និងឆ្នាំ២០១៩ ខណៈពេលដែលក្រុមបុរស បានឈ្នះពានរង្វាន់ AFF Cup (ឥឡូវប្តូរឈ្មោះទៅជា ASEAN Cup) ជាប់គ្នា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២២។

ជម្រាបជូនផងដែរថា ក្រៅតែពីបាល់ទាត់ជម្រើសជាតិ ​Madam Pang ក៏បាន​ជួយ​ក្លិប​បាល់ទាត់​អាជីព​របស់​ថៃ Port FC ឲ្យ​ក្លាយ​ជា​ក្លិបដ៏ខ្លាំងមួយនៅក្នុង​លីគកំពូលរបស់ប្រទេស​ថៃ ​ក្នុង​អំឡុងពេល​លោកស្រីកាន់​តំណែង​ជា​ប្រធាន​ក្លិបផងដែរ៕